(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ស្ទេហ្វាន ដូហ្សារិច (Stephane Dujarric) អ្នកនាំពាក្យលោក Antonio Guterres បានលើកឡើងយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានពិភាក្សាដោយផ្ទាល់ជាមួយលោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីនៃប្រទេសអាហ្សែបៃហ្សង់ និងលោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី។ នៅក្នុងកិច្ចសន្ទនាននោះ លោកអគ្គលេខាធិការបានសម្តែងនូវ ការព្រួយបារម្ភជាពន់ពេក ចំពោះជម្លោះប្រដាប់អាវុធនៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh)។ Antonio Guterres បានអំពាវនាវឲ្យមេដឹកនាំទាំងពីរ បោះជំហានជាបន្ទាន់ ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ និងចាប់ផ្តើមបើកកិច្ចចរចាគ្នាឡើងវិញ តាមយន្តការដែលមានស្រាប់កន្លងមក ដើម្បីកុំឲ្យតំបន់នេះជួបអស្ថិរភាព»

គួរបញ្ជាក់ថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ។ ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៦។

ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ជម្លោះរវាងប្រទេសធ្លាប់ស្ថិតនៅក្រោមអតីតសហភាពសូវៀតទាំងពីរនេះ បានផ្ទុះឡើងដំបូងកាលពីអំឡុងទសវត្សរ៍ ១៩៩០ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយ ដែលបានដាក់ឈ្មោះខ្លួនឯងថា សាធារណរដ្ឋអាតសាក (Artsakh)។

សាធារណរដ្ឋអាតសាក (Artsakh) ឬគេស្គាល់ថា តំបន់ជម្លោះ Nagorno-Karabakh នេះ ជាផ្លូវការគឺជាទឹកដីស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែតាមពិតទៅវាត្រូវបានកាន់កាប់ ដោយជនជាតិភាគតិចអាមេនី និងទទួលការគាំទ្រពីរដ្ឋាភិបាលអាមេនី។ ដែនដីទំហំ ៤,៤០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅតែជាង ១៥០,០០០នាក់មួយនេះ គឺនៅតែជាចំណុចក្តៅគគុកនៃជម្លោះរវាងអាមេនី និងអាហ្សែនបៃហ្សង់ បើទោះបីជាត្រូវបានដាក់ ឲ្យស្ថិតនៅក្នុងឋានៈជាតំបន់ស្វយ័តទៅហើយក៏ដោយ៕