(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹង និងរួបរួមគ្នាជាសកល ព្រោះការប្រឹងស្តីបន្ទោសគ្នានោះ វាគ្រាន់តែជាការជម្រុញឲ្យគ្រោះមហន្តរាយ កាន់តែរីកធំឡើងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ប៉ុន្មានថ្ងៃក្រោយពីសហរដ្ឋអាមេរិក និងមហាយក្សចិនព្រលះគ្នា នៅអង្គការសហប្រជាជាតិ (UN) នោះ លោក វ៉ាង យី បានចេញមុខបង្ហាញចំណាប់អារម្មណ៍របស់លោកយ៉ាងដូច្នេះថា «ប្រទេសមួយចំនួន បានប្រើប្រាស់វេទិកាអន្តរជាតិដ៏ឱឡារិករបស់ UN ដើម្បីបម្រើនយោបាយ និងផលប្រយោជន៍របស់ពួកគេ។ ពួកយើងគ្មានជម្រើសអ្វីផ្សេងទេ ក្រៅពីការធ្វើការងាររួមគ្នា និងជួយគ្នាទៅវិញទៅមក»

លោក វ៉ាង យី បានសង្កត់ធ្ងន់ទៀតថា «ការពិតនៅចំពោះមុខ បញ្ហារបស់ពិភពលោក គឺជំងឺរាតត្បាតសកលពេលនេះ។ ប្រសិនបើយើងជ្រើសដើរផ្លូវខ្លួនឯង ឬចាត់ទុកអ្នកជិតខាងខ្លួនជាសត្រូវ វានឹងគ្រាន់តែជាការបង្កឲ្យមហន្តរាយ កាន់តែរីកធំឡើងប៉ុណ្ណោះ»។ លោក វ៉ាង បានអះអាងថា ចិនបានបង្ក្រាបជំងឺ COVID-19 នៅចំណុចកណ្តាលនៃការផ្ទុះ នោះគឺទីក្រុង វូហាន ដែលជាមេរៀននៃភាពជោគជ័យមួយសម្រាប់ប្រទេសនេះ។

ការឆ្លើយតបរបស់ចិនបន្ថែមទៀតនេះ បានកើតមានឡើងក្រោយពី មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ងើបឡើងប្រឆាំងចិន ព្រោះអាមេរិកកន្លងមកនេះបានចាត់ទុកប្រទេសចិន ជាអ្នកបង្កឲ្យជំងឺ COVID-19 រីករាលដាលពេញពិភពលោក ខណៈសហរដ្ឋអាមេរិកផ្ទាល់ ជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។

គួរបញ្ជាក់ថា ចំពោះមុខការបែកបាក់ នៃពិភពលោកកាន់តែខ្លាំង អំឡុងការរាតត្បាតជំងឺ COVID-19 ប្រធានអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានលើកឡើងថា ជំងឺរាតត្បាតសកលនេះ មិនត្រឹមតែជាការដាស់សតិប៉ុណ្ណោះទេ ប៉ុន្តែវាការជម្រុញឲ្យយើង រួបរួមគ្នាកម្ចាត់វិបត្តិដ៏ធំធេងនេះ៕