(ក្លាសកូវ)៖ អ្នកសង្កេតការណ៍ម្នាក់បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ត្រជាក់បំផុតនៃពិភពលោក គឺជាសញ្ញាបង្ហាញឲ្យដឹងថា រឿងអាក្រក់នឹងអាចកើតមានឡើង ចំពោះពិភពលោកទាំងមូលហើយ។ កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ សីតុណ្ហភាពបានកើនឡើងដល់ «៣៨អង្សាសេ» នៅទីក្រុង វើខូយ៉ាន (Verkhoyansk) នៃតំបន់ ស៊ីប៊េរី (Siberia) ប្រទេសរុស្ស៊ី ហើយនេះជាសីតុណ្ហភាពក្ដៅបំផុត មិនធ្លាប់កើតមាននៅតំបន់ជិតមហាសមុទ្រទឹកកកអាក់ទិក បើតាមប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

រលកកម្ដៅបានបង្កឲ្យមានអគ្គីភ័យដែលឆាបឆេះព្រៃជាង ៦០០កន្លែងផ្សេងៗគ្នា ដែលត្រូវបានគេរកឃើញជារៀងរាល់ថ្ងៃ កាលពីដើមខែសីហាកន្លងទៅនេះ។ ចំណែកឯផ្នែកខ្លះនៃតំបន់ ស៊ីប៊េរីជាប់មហាសមុទ្រទឹកកកអាក់ទិក (Siberian Arctic) ព្រៃបានឆាបឆេះចាប់តាំងពីសប្តាហ៍ទី ២ នៃខែមិថុនាមកម្ល៉េះ។ ភ្លើងឆេះព្រៃនេះបានផលិតឧស្ម័នកាបូនិកប្រមាណ ២៤៤មេហ្គាតោន នៅចន្លោះខែមករា និងសីហា ហើយការសាយភាយឧស្ម័នកាបូនិកចេញពីអគ្គីភ័យនេះ បានកើនឡើងជាងមួយភាគបី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

រដូវក្តៅកាលពីឆ្នាំ២០១៩កន្លងទៅនេះ គឺជាការបំបែកឯកទគ្គកម្មមួយជុំវិញបញ្ហាសីតុណ្ហភាព និងអគ្គីភ័យនៅទូទាំងតំបន់អាក់ទិករួចទៅហើយ ប៉ុន្តែសម្រាប់នៅឆ្នាំ២០២០នេះវិញ ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងទ្រង់ទ្រាយធំជាងកាលពីឆ្នាំ២០១៩ ជាហេតុដែលធ្វើឲ្យសហគមន៍អ្នកវិទ្យាសាស្រ្ត មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើតឡើង នៅក្នុងតំបន់តែមួយក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានេះ។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់ប៉ូលភាគខាងជើងនៃផែនដី បានកើនឡើងក្នុងអត្រាលឿនជាងប្រទេសដទៃទៀត នៅលើពិភពលោក ហើយប្រាកដណាស់ថា វានឹងជម្រុញឲ្យការរលាយទឹកកកនៅតំបន់ប៉ូលទាំងពីរ នឹងកាន់តែលឿនទៅៗ។ នៅក្នុងខែកញ្ញាដដែលនេះ ក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានព្រមានថា កម្រិតនៃការរលាយទឹកកកដូចរាល់ថ្ងៃនេះ នឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងបន្ថែម ០.៣៨ម៉ែត្រទៀត នៅឆ្នាំ២១០០ ប្រសិនបើមនុស្សនៅតែមិនអាចបញ្ឈប់ ការបញ្ចេញសារធាតុពុល ទៅបំផ្លាញបរិយាកាសទៀតនោះ៕