(វ៉ាស៊ីនតោន)៖ កាសែត New York Times បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយ ដោយអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានបង់ពន្ធលើបា្រក់ចំណូល ជូនរដ្ឋអស់រយៈពេល ១០ឆ្នាំក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០០០។ ប៉ុន្តែលោក ត្រាំ បានហៅរបាយការណ៍នេះ ជាព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍ស៊ើបអង្កេតចេញផ្សាយដោយ New York Times លោក ដូណាល់ ត្រាំ បានបង់ពន្ធលើប្រាក់ចំណូលត្រឹមតែ ៧៥០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយ១០ឆ្នាំក្នុងអំឡុងពេល ១៥ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០០០ លោកថែមទាំងគេចវេសមិនបង់ពន្ធទៀតផង បើទោះជាលោករកបានចំណូលជាង ៤៣៤.៩លានដុល្លារកាលពីឆ្នាំ២០១៨ក៏ដោយ។ លោក ត្រាំ បានគេចវេសមិនបង់ពន្ធតាមរយៈការប្រកាសថា លោករកស៊ីខាតដើម និងខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ បើធៀបទៅនឹងចំណូលដែលលោករកបាន។ នេះបើតាមការបញ្ជាក់ពី New York Times។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសថា លោកបានខាតបង់ប្រាក់ចំនួន ៤៧.៤លានដុល្លារអាមេរិក ខណៈលោកទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ៤៣៤.៩លានដុល្លារ។ របាយការណ៍ខាងលើ ក៏បានគូសបញ្ជាក់ទៀតថា អ្វីដែលលោក ត្រាំ បានបង្ហាញគឺគ្រាន់តែជាឯកសារមុខជំនួញរបស់លោកតែប៉ុណ្ណោះ តែមិនបានបង្ហាញពីទ្រព្យសម្បត្តិពិតប្រាកដរបស់លោកនោះទេ។

តែទោះជាយ៉ាងនេះក្ដី លោក ដូណាល់ ត្រាំ បានទាត់ចោលរបាយការណ៍របស់ New York Times ដោយចាត់ទុកថា «វាជាព័ត៌មានក្លែងក្លាយ»។ នៅក្នុងសន្និសីទសារព័ត៌មាននាសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វាគឺជាព័ត៌មានក្លែងក្លាយទាំងស្រុង។ ខ្ញុំបានបង់ពន្ធជាច្រើន ហើយខ្ញុំក៏បានបង់ពន្ធលើប្រាក់ចំណូលយ៉ាងច្រើនផងដែរ។ អ្នកទាំងអស់គ្នាននឹងបានឃើញ ពន្ធលើប្រាក់ចំណូលរបស់ខ្ញុំក្នុងពេលឆាប់ៗនេះ នៅពេលដែលវាត្រូវបានធ្វើសនវកម្មរួចរាល់»

គួរជម្រាបថា សារព័ត៌មាន New York Times បានអះអាងថា បានទទួលទិន្នន័យពន្ធលើប្រាក់ចំណូល ឬ (Tax-Return) សម្រាប់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ របស់ក្រុមហ៊ុនលោក ត្រាំ។ ប៉ុន្តែទិន្នន័យនេះមិនបានបង្ហាញពីព័ត៌មាន ទាក់ទងនឹងចំណូលផ្ទាល់ខ្លួនរបស់លោក តាំងពីឆ្នាំ២០១៨ ឬសូម្បីតែឆ្នាំ២០១៩ នោះទេ។

បច្ចុប្បន្ននេះលោក ត្រាំ កំពុងតែមានបញ្ហាជាមួយអាជ្ញាធរសវនកម្ម (Internal Revenue Service) ពាក់ព័ន្ធការសងប្រាក់ពន្ធសរុបចំនួន ៧២.៩លានដុល្លារ បន្ទាប់ពីលោកបានប្រកាសពីការខាតបង់ដ៏ច្រើន។ ប្រសិនបើ IRS រកឃើញថា លោកពិតជាបានលាក់បាំងនូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ លោកអាចប្រឈមនឹងការពិន័យទឹកប្រាក់ជាង ១០០លានដុល្លារ ខណៈលោកផ្ទាល់ក៏ត្រូវបានគេរាយការណ៍ដែរថា អាចនឹងប្រឈមមុខនឹងស៊ើបអង្កេត ពាក់ព័ន្ធនឹងការក្លែងបន្លំពន្ធនេះផងដែរ។

ទោះជាបែបនេះក្តី អ្វីដែលសំខាន់គឺរបាយការណ៍របស់ New York Times ត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនជុំទីមួយនៃជុំទាំងបីរបស់វេទិកាដេញដោលប្រធានាធិបតីរវាង លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ៕