(ស៊ីដនី)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី អេណា (Ena Respiratory) នៅថ្ងៃចន្ទនេះបានប្រកាសថា ស្រ្ពាយបាញ់តាមច្រមុះ (nasal spray) ដែលខ្លួនកំពុងអភិវឌ្ឍអាចជំរុញ ឬដាស់ប្រព័ន្ធភាពសុំាឱ្យប្រយុទ្ធប្រឆាំង ក៏ដូចជាកាត់បន្ថយការកើនឡើងនៃវីរុសកូរ៉ូណា នៅក្នុងសិក្សាស្រាវជ្រាវមួយលើសត្វ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Ena Respiratory បានឱ្យដឹងទៀតថា ស្រ្ពាយបាញ់តាមច្រមុះដែលមានឈ្មោះថា INNA-051 អាចនឹងត្រូវប្រើប្រាស់ ជាប្រភេទវ៉ាក់សាំងស្រ្ពាយបាញ់ច្រមុះ ដើម្បីកាត់បន្ថយកម្រិតឆ្លងវីរុសកូរ៉ូណាបានរហូតដល់ ៩៦ភាគរយ។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា តាមរយៈការធ្វើតេស្ដនៅលើសត្វបានជោគជ័យ ខ្លួនមានសង្ឃឹមថា INNA-051 អាចនឹងទទួលបានការអនុញ្ញាតក្នុងការដឹកនាំ ការធ្វើតេស្ដលើមនុស្សក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា ក្រុមហ៊ុន Ena Respiratory បានប្រមូលថវិកាសរុប ៨.២៤លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងស្រ្ពាយបាញ់តាមចម្រុះ ក្រោមការគំាទ្រ និងវិនិយោគពីក្រុមហ៊ុន ប្រ៊ែនដុនខេភីថល (Brandon Capital), រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី និងក្រុមហ៊ុន CSL។ ក្រៅពីស្ព្រាយបាញ់ច្រមុះ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីក៏កំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 ជាទូទៅផងដែរ ដោយកាលពីសប្តាហ៍មុននេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បានអះអាងនៅចំពោះមុខអង្គការសហប្រជាជាតិថា អូស្ត្រាលីនឹងចែកចាយវ៉ាក់សាំង COVID-19 ទៅគ្រប់ទីកន្លែងទូទាំងពិភពលោក ប្រសិនបើខ្លួនអភិវឌ្ឍវាបានជោគជ័យ៕