(បាគូ)៖ យ៉ាងហោចណាស់ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ជម្លោះរវាងប្រទេសធ្លាប់ស្ថិតនៅក្រោមអតីតសហភាពសូវៀតទាំងពីរនេះ បានផ្ទុះឡើងដំបូងកាលពីអំឡុងទសវត្សរ៍ ១៩៩០ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយ ដែលបានដាក់ឈ្មោះខ្លួនឯងថា សាធារណរដ្ឋអាតសាក (Artsakh)។

សាធារណរដ្ឋអាតសាក (Artsakh) ឬគេស្គាល់ថា តំបន់ជម្លោះ Nagorno-Karabakh នេះ ជាផ្លូវការគឺជាទឹកដីស្ថិតនៅក្នុងផែនទីនៃប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែតាមពិតទៅវាត្រូវបានកាន់កាប់ ដោយជនជាតិភាគតិចអាមេនី និងទទួលការគាំទ្រពីរដ្ឋាភិបាលអាមេនី។ ដែនដីទំហំ ៤,៤០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅតែជាង ១៥០,០០០នាក់មួយនេះ គឺនៅតែជាចំណុចក្តៅគគុកនៃជម្លោះរវាងអាមេនី និងអាហ្សែនបៃហ្សង់ បើទោះបីជាត្រូវបានដាក់ ឲ្យស្ថិតនៅក្នុងឋានៈជាតំបន់ស្វយ័តទៅហើយក៏ដោយ។

បើតាមអាជ្ញាធរគ្រប់គ្រងតំបន់ Nagorno-Karabakh បានឲ្យដឹងថា កងទ័ពកម្លាំង និងប្រជាជនរបស់ខ្លួនសរុប ១៦នាក់បានស្លាប់ និងជាង ១០០នាក់រងរបួស បន្ទាប់ពីកងទ័ពអាហ្សែបៃហ្សង់ បានផ្លោងគ្រាប់កាំភ្លើងធំមកលើតំបន់នេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រទេសអាមេនី និងតំបន់ Nagorno-Karabakh បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដើម្បីត្រៀមកម្លាំងទប់ទល់ការឈ្លានឈាន ពីសំណាក់ប្រទេសអាហ្សៃបៃហ្សង់។

ដោយឡែកអាហ្សែបៃហ្សង់វិញ ក៏បានអះអាងផងដែរថា ក្រុមគ្រួសារមួយមានសមាជិក ០៥នាក់បានស្លាប់ទាំងគ្នាតែម្តង ដោយសារតែការផ្លោងគ្រាប់ពីសំណាក់ប្រទេសអាមេនី។ អាហ្សែបៃហ្សង់ក៏បានប្រកាសប្រើច្បាប់អាជ្ញាសឹកដូចគ្នាដែរ និងបានអះអាងទៀតថា កងទ័ពខ្លួនបានដណ្តើមកាន់កាប់ភូមិចំនួន ០៧ ពីតំបន់ Nagorno-Karabakh។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីដែលជាបងធំក្នុងតំបន់ បានអំពាវនាវឲ្យប្រទេសទាំងពីរខាងលើ បញ្ឈប់ភាពតានតឹងរវាងគ្នាជាបន្ទាន់ ខណៈតួកគីវិញដែលជាប្រទេសមានឥទ្ធិពល មួយដែរក្នុងតំបន់បានអះអាងថា ខ្លួនគាំទ្រប្រទេសអាហ្សែបៃហ្សង់ ដែលជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមច្រើន៕