(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានលើកឡើងថា លោកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ពិសេសរវាងប្រទេសចិន និងគុយបា ហើយចិនបានត្រៀមខ្លួនជាស្រេចដើម្បីជួយធ្វើឲ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរនេះឲ្យកាន់តែស្អិតល្មួត និងជាបងប្អូនល្អជារៀងរហូតតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ការថ្លែងពីសំណាក់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានកើតមានឡើងនៅក្នុងឱកាសប្រារព្ធខួបឆ្នាំទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន-គុយបា និងក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលសហរដ្ឋអាមេរិកក្រោមការដឹកនាំ នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសគុយបា ខណៈចិនវិញក៏កំពុងទទួលរងទណ្ឌកម្ម ពីមហាអំណាចលេខ១នេះដូចគ្នា។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍អបអរសាទរទៅកាន់ប្រទេសគុយបានោះ លោក ស៊ី ជិនពីង ក៏បានលើកឡើងផងដែរពីការអភិវឌ្ឍទំនាក់ទំនង លើគ្រប់វិស័យរវាងប្រទេសចិន និងគុយបា ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 និងការសហការគ្នា នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕