(ស៉ីដនី)៖ នៅថ្ងៃអាទិត្យនេះ ប្រតិបត្តិការជួយសង្រ្គោះត្រីបាឡែនដែលមកជាប់គាំង នៅឆ្នេរភាគខាងត្បូងនៃប្រទេសអូស្រ្តាលី ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពី១១០ក្បាលត្រូវបានជួយសង្រ្គោះ និងជាង៣៥០ក្បាលបានងាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ត្រីបាឡែនអម្បូរ Pilot Whale ប្រមាណ៤៧០ក្បាល ដែលច្រើនបំផុតពុំធ្លាប់មាន ត្រូវគេប្រទះឃើញជាប់ខ្លួននៅបណ្តោយឆ្នេរភាគខាងលិច នៃរដ្ឋតាស្មានៀ (Tasmania) ដែលជារដ្ឋដីកោះមួយនៅភាគខាងត្បូងប្រទេសអូស្រ្តាលី កាលពីសប្តាហ៍មុន។ ភ្លាមៗនោះ អាជ្ញាធរអូស្រ្តាលី បានចេញប្រតិបត្តិការជួយសង្រ្គោះទ្រង់ទ្រាយធំមួយ ដើម្បីជួយជីវិតសត្វត្រីទាំងនេះ។

គួរជម្រាបថា ក្នុងចំណោមត្រីបាឡែនរាប់រយក្បាលទាំងនោះ មានត្រឹម១១០ក្បាលប៉ុណ្ណោះដែលនៅមានជីវិត និងត្រូវបានជួយសង្រោះក្នុង រយៈពេលជិត១សប្តាហ៍មកនេះ ខណៈច្រើនជាង៣៥០ក្បាលទៀតបានងាប់ នៅពាសពេញបណ្តោយឆ្នេរប្រវែងប្រហែល១០គីឡូម៉ែត្រ។ បន្ទាប់ពីប្រតិបត្តិការជួយសង្រ្គោះត្រូវបានបិទបញ្ចប់ ឥឡូវអាជ្ញាធរអូស្រ្តាលីកំពុងងាកមកផ្តោតលើការបញ្ចុះសាកសពសត្វត្រីទាំងនេះវិញ។

ពាក់ព័ន្ធនឹងមូលហេតុនៃការជាប់ខ្លួនរបស់ត្រីបាឡែនប្រមាណ៤៧០ក្បាលនេះ ក្រុមអ្នកជំនាញបានលើកឡើងថា ពួកវាប្រហែលជាវង្វេងផ្លូវ ក្រោយហែលមកក្បែរឆ្នេរខ្លាំងពេក៕