(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាននិយាយថា ក្នុងនាមជាបងប្អូនល្អ ជាមិត្តល្អ និងជាដៃគូល្អនៃប្រទេសកំពុងអភិវឌ្ឍទាំងឡាយ ចិនត្រៀមខ្លួនជានិច្ចដើម្បីជួយប្រទេសទាំងនោះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០។

កំឡុងសន្និសីទតាមប្រព័ន្ធវីដេអូអនឡាញមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) លោក វ៉ាង យី បាននិយាយដូច្នេះថា «នៅក្នុងកិច្ចប្រឹងប្រែងបែបនេះ ចិនបានផ្តោតជាសំខាន់ទៅលើផលប្រយោជន៍រួមរបស់ប្រទេសនានា ហើយតែងតែព្យាយាមធ្វើយ៉ាងណាឲ្យការអភិវឌ្ឍរបស់ខ្លួនផ្ទាល់ ត្រូវគ្នាជាមួយការអភិវឌ្ឍរួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងអស់»។

លោករដ្ឋមន្រ្តីការបរទេសចិនបានបន្តថា នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ចិនបានផ្តល់ជំនួយដល់បរទេសប្រហែលជាង៥៨ពាន់លានដុល្លារ និងបង្កើតគម្រោងជាច្រើន។ ចំណែកនៅចំពោះមុខការផ្ទុះឡើងនៃវិបត្តិជំងឺ COVID-19 ចិនបានបញ្ជូនក្រុមពេទ្យជំនាញទៅកាន់៣២ប្រទេស និងផ្តល់បរិក្ខាប្រឆាំងការឆ្លងរាលដាលនៃជំងឺនេះ ដល់ប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិចំនួន៤។

លោក វ៉ាង យី ក៏បានគូសបញ្ជាក់ដែរថា ខណៈនេះ វ៉ាក់សាំង COVID-19 មួយចំនួន ដែលបង្កើតឡើងដោយចិន កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី៣។ បើតាមលោក វ៉ាង នៅពេលពួកវាអាចប្រើប្រាស់បានជាផ្លូវការ វ៉ាក់សាំងទាំងនេះនឹងក្លាយជាទំនិញសកល ដែលផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍជាអាទិភាពចម្បង៕