(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងប្រព្រឹត្តទង្វើសាហាវឃោរឃៅ តាមរយៈការដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃសៅរ៍នេះ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «តាមរយៈសកម្មភាពភេរវកម្ម, ខុសច្បាប់ និងទណ្ឌកម្មដ៏សាហាវ ឃោរឃៅរបស់ពួកគេ សហរដ្ឋអាមេរិក បានបំផ្លាញ និងធ្វើឱ្យប្រជាជនអ៉ីរ៉ង់ខាតបង់១៥០ពាន់លានដុល្លារ»។ ក៏ប៉ុន្តែ លោក រូហានី មិនបានបញ្ជាក់លម្អិតពីទំហំខូចខាត នៃសេដ្ឋកិច្ចអ៉ីរ៉ង់ ដែលបង្កឡើងដោយទណ្ឌកម្មអាមេរិកឡើយ។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីមួយលើក្រសួងការពារជាតិអ៉ីរ៉ង់ និងបុគ្គលជាច្រើននាក់ ដែលមានជាប់ពាក់ព័ន្ធនឹង កម្មវិធីអាវុធនុយក្លេអ៊ែរ និងអាវុធរបស់អ៉ីរ៉ង់៕