(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅលើសកលលោក អាចនឹងកើនឡើងទ្វេដងរហូតដល់ ២លាននាក់ មុនពេលដែលវ៉ាក់សាំង ផលិតបានជោគជ័យ និងត្រូវបញ្ចេញឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ ហើយចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៅទៀត បើសិនជាបណ្ដាប្រទេសទាំងអស់មិន ធ្វើសកម្មភាពរួមគ្នា ប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។

២៖ អាជ្ញាធរអ៊ុយក្រែនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់ និង០២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ក្រោយកើតមានហេតុការណ៍ធ្លាក់យន្តហោះយោធាមួយនៅតំបន់ ខាគីវ (Kharkiv) ភាគឦសានប្រទេស។

៣៖ ក្រុមសកម្មជនថៃ បានដាំស្លាកមួយនៅជាប់របង ពីមុនរាជដំណាក់ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) ក្នុងប្រទេសអាល្លឺម៉ង់ ដោយនៅលើស្លាកនោះសរសេរថា «ប្រទេសថៃគឺជាកម្មសិទ្ធិរបស់ប្រជាជន» ខណៈការតវ៉ាទាមទារឲ្យមានការកែទម្រង់របបរាជានិយម កាន់តែកក្រើកខ្លាំងឡើង នៅក្នុងប្រទេសថៃ។

៤៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃសៅរ៍នេះបានប្រកាសថា នឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់។

៥៖ មេដឹកនាំបណ្តាប្រទេសនៅអាមេរិកឡាទីន បានអំពាវនាវទៅកាន់អង្គការសហប្រជាជាតិ (UN) ឲ្យមានការចែកចាយវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃនាពេល ខាងមុខនេះ និងបានទទូចដល់ប្រទេសមហាអំណាច ឲ្យមានចែករំលែកចំណេះដឹងរបស់ពួកគេលើបញ្ហានេះ សម្រាប់ជាប្រយោជន៍ដល់សុខុមាលភាព ពិភពលោកផងដែរ។

៦៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយឥតលក្ខខណ្ឌ៕