(រ៉ង់ហ្គូន)៖ អាជ្ញាធរមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិការខាងមុខ តាមកាលកំណត់ បើទោះបីជាបក្សប្រឆាំងស្រែកអំពាវនាវឲ្យពន្យាពេលក៏ដោយ ខណៈករណីឆ្លង COVID-19 នៅក្នុងប្រទេសមានការកើនឡើងយ៉ាងគំហុក នារយៈពេលចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

យុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន របស់គណៈបក្សនយោបាយនានាត្រូវបានផ្អាកនៅថ្ងៃចន្ទនេះ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញនូវវិធានការរឹតត្បិតនៅទូទាំងក្រុង ដោយបានបង្ខំឲ្យប្រជាជនភាគច្រើន នៃចំនួនប្រជាជនសរុបនៅក្នុងក្រុងជាង ៥លាននាក់ ត្រូវធ្វើការពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19។

ដោយមើលឃើញពីស្ថានការណ៍ជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរឡើង គណបក្សប្រឆាំងចំនួន២៤ កាលពីសប្តាហ៍មុនបានផ្ញើលិខិតមួយ ទៅកាន់គណៈកម្មការបោះឆ្នោត ដើម្បីជំរុញឲ្យស្ថាប័នមួយនេះ ពិចារណាលើការលើកពេលបោះឆ្នោត។ ប៉ុន្តែសុំណើមួយនេះ ត្រូវបានគណៈកម្មការបដិសេធ ដោយបានគូសបញ្ជាក់ថា ការបោះឆ្នោតនឹងដំណើរការទៅមុខ ដោយគ្មានអ្វីប្រែប្រួលទេ។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Myint Naing បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍កន្លងទៅនេះថា «យើងមិនមានផែនការពន្យារពេលការបោះឆ្នោត ក្រោមហេតុផលនៃជំងឺរាតត្បាត COVID-19 នោះទេ»។ ទន្ទឹមនឹងនោះ លោកបានបន្ថែមទៀតថា ដើម្បីចៀសវាងកុំឲ្យមានមនុស្សប្រមូលផ្តុំគ្នាច្រើនពេក អាជ្ញាធរបានសម្រេចបន្ថែមចំនួនមណ្ឌលបោះឆ្នោតពី ៤០,០០០កន្លែង ទៅ ៥០,០០០កន្លែង នៅទូទាំងប្រទេស ខណៈបុគ្គលិកធ្វើការនឹងតម្រូវឲ្យពាក់ឧបករណ៍ការពារ ហើយអ្នកបោះឆ្នោតនឹងតម្រូវឲ្យលាងដៃ។

គួរជម្រាបថា ប្រទេសមីយ៉ាន់ម៉ា មិនបានរកឃើញករណីឆ្លងក្នុងស្រុកអស់រយៈពេលជាច្រើនសប្តាហ៍ មុនពេលមានការផ្ទុះឡើងកាលពីខែសីហាកន្លងទៅ នៅឯតំបន់ភាគខាងលិចនៃរដ្ឋរ៉ាឃីន ដែលបានឆ្លងរាលដាលពាសពេញប្រទេស។ នៅថ្ងៃអាទិត្យនេះ មីយ៉ាន់ម៉ាបានកត់ត្រាករណីឆ្លងថ្មីចំនួន ៦៧១ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ។ ចំណែកកាលពីព្រឹកថ្ងៃចន្ទនេះ មានការរកឃើញអ្នកឆ្លង២៦៤ករណីថ្មី និងស្លាប់២ករណីថែមទៀត ជាសរុបប្រទេសអាស៊ានមួយនេះ មានករណីឆ្លង ៥,៨០៥ករណី ក្នុងនោះស្លាប់ ៩៤នាក់៕