(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា វ៉ាក់សាំង COVID-19 នឹងត្រូវចែកជូនដល់ជនជាតិអាមេរិកាំងទាំងអស់ នៅត្រឹមខែមេសា ឆ្នាំ២០២១ ហើយវ៉ាក់សាំងដំបូងបង្អស់នឹងធ្វើការចែកចាយភ្លាមៗ បន្ទាប់ពីទទួលការអនុញ្ញាតទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៅចុងឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ត្រាំ បានអះអាងថា នេះគឺជាវឌ្ឍនភាពនៃប្រវត្តិសាស្ត្រ ដែលយើងមានវ៉ាក់សាំងសរុប ០៣ប្រភេទ កំពុងសិ្ថតនៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ១០០លានដូស នឹងត្រូវផលិតនៅដំណាច់ឆ្នាំ២០២០នេះ។

ដោយឡែកគូប្រជែងគឺលោក ចូន បៃដិន បានបង្ហាញការសង្ស័យចំពោះកាលបរិច្ឆេទខាងលើ និងបានថ្លែងប្រាប់ក្រុមអ្នកបោះឆ្នោតនៅរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកមិនទុកចិត្តលោក ត្រាំ នោះទេ ហើយអ្នកដែលលោកជឿជាក់ គឺអ្នកជំនាញផ្នែកជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាល លោក អាន់ថូនី ហ្វាស៊ី (Anthony Fauci)។ លោក បៃដិន បានគូសបញ្ជាក់ទៀតថា «ប្រសិនបើលោកវេជ្ជបណ្ឌិត Fauci និយាយថា វ៉ាក់សាំងនោះមានសុវត្ថិភាព ខ្ញុំនឹងចាក់វ៉ាក់សាំងនោះភ្លាម»

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 មានសរុបជិត ៧លានករណី ក្នុងនោះស្លាប់ជាង ២សែននាក់ និងជាសះស្បើយវិញជាង ៤លាននាក់។ សហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខ ១ ខណៈឥណ្ឌាឈរលេខ ២ និងប្រេស៊ីលឈរលេខ ៣៕