(តូក្យូ)៖ ទូរទស្សន៍រដ្ឋជប៉ុន NHK នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បាននិងកំពុងត្រៀមជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅឯទីក្រុងតូក្យូនាដើមខែក្រោយនេះ ដែលជាជំនួបកម្រិតខ្ពស់លើកដំបូង ជាមួយមន្ត្រីជាន់ខ្ពស់ពីបរទេស គិតចាប់តាំងពីលោក Suga បានក្លាយជាមេដឹកនាំថ្មីរបស់ជប៉ុន បន្ទាប់ពីលោក អាបេ ស៊ីនហ្សូ (Abe Shinzo) លាលែងចេញពីតំណែងកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ព័ត៌មាននៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

បើតាមទូរទស្សន៍ NHK លោក Pompeo ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន, អូស្ត្រាលី, និងឥណ្ឌា ជុំវិញកិច្ចសហប្រតិបត្តិការស្តីពីការការពារ និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ជាអ្វីដែលប្រទេសទាំងនេះហៅថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

ទន្ទឹមនឹងនេះលោក Suga ក៏ត្រូវបានគេរំពឹងថា នឹងបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈទូរស័ព្ទនៅថ្ងៃអាទិត្យសប្ដាហ៍នេះផងដែរ។ គួរបញ្ជាក់ថា លោក Suga Yoshihide បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន ដែលមិនធ្លាប់មាននៅក្នុងរយៈពេលជិត ៨ឆ្នាំ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានបក្ស និងទទួលការគាំទ្រពីសភាសម្រាប់ការបន្តតំណែងពីលោក អាបេ ស៊ីនហ្សូ៕