(ញូដេលី)៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះបានឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនឡើងដល់ ៥,០២០,៣៥៩ករណីហើយ បន្ទាប់ពីចំនួនអ្នកឆ្លងយ៉ាងច្រើនគំហុកបន្ថែមទៀត ទើបត្រូវបានកត់បញ្ចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩០,១២៣ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ១,២៩០នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៨២,០៦៦នាក់។

បើគិតពីសន្ទុះនៃការឆ្លងខាងលើនេះ ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអត្រាឆ្លងប្រចាំថ្ងៃនៃ COVID-19 ខ្ពស់ជាងគេបំផុតលើពិភពលោក ដោយបានកត់ត្រានូវករណីឆ្លងថ្មីៗជាង ៩ម៉ឺនករណីជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១សប្ដាហ៍កន្លងទៅនេះ។ ដោយឡែក បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុបជិត ៩៩៦,០០០នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺជាង ៣,៩៤២,០០០នាក់ផ្សេងទៀតត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌា ហៅកាត់ ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួនជាង ៥៩,៤២៩,០០០នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សជាង ១,១១៦,៨០០នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃអង្គារម្សិលមិញនេះប៉ុណ្ណោះ៕