(ឈីកាហ្គោ)៖ ក្រុមប្រឹក្សានាំចេញបសុបក្សី និងស៊ុតរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានឲ្យដឹងថា ប្រទេសចិនបានផ្អាកការនាំចូលបសុបក្សី (មាន់) ពីរោងចក្រ OK Foods នៅក្នុងទីក្រុងហ្វតស្មីត (Fort Smith) រដ្ឋអាកាន់សាស់ (Arkansas) ដោយសារតែផ្ទុះករណីឆ្លងវីរុសកូរ៉ូណា ក្នុងចំណោមកម្មករ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

កសិដ្ឋានចិញ្ចឹម និងរោងចក្រផ្គត់ផ្គង់បសុបក្សី OK Foods គឺជារោងចក្របសុបក្សីធំលំដាប់ទី ២ របស់សហរដ្ឋអាមេរិក ត្រូវបានផ្អាកការនាំចេញផលិតផលរបស់ខ្លួន បន្ទាប់ពីទីក្រុងប៉េកាំងបានសម្រេច ផ្អាកការនាំចូលពីរោងចក្រ ថាយសាន់ (Tyson Foods) កាលពីខែមិថុនាកន្លងទៅ ដោយសារករណីឆ្លងជំងឺ COVID-19 ក្នុងចំណោមកម្មករដូចខាងលើនេះដែរ។

ជុំវិញបញ្ហានេះ លោក ជីម សាំណឺ (Jim Sumner) ប្រធានក្រុមប្រឹក្សានាំចេញបសុបក្សី និងស៊ុតរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា យើងជឿថាការសម្រេចផ្អាក់ការនាំចូល ពីរោងចក្រទាំងពីរខាងលើ គឺមិនសមហេតុផលនោះទេ ដោយសារតែវីរុសកូរ៉ូណាមិនអាចចម្លង តាមរយៈសាច់បក្សីបានឡើយ។ ដោយឡែក
ក្រុមហ៊ុនផ្គត់ផ្គង់បសុបក្សី OK Foods ដែលជាគ្រប់គ្រងដោយក្រុមហ៊ុន អ៉ីដាស្ទ្រីយ៉ាស បាឆូកូ (Industrias Bachoco) របស់ប្រទេសម៉ិកស៊ិកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យនៅលើគេហទំព័រ របស់នាយកដ្ឋានសុខាភិបាលប្រចាំរដ្ឋអាកានសាស់ (Arkansas) បានឲ្យដឹងថា រាប់ចាប់តាំងពីផ្ទុះឡើងនៃជំងឺ COVID-19 កម្មករសរុបចំនួន ២៣៤នាក់ហើយ បានធ្វើតេស្តវិជ្ជាមានចំពោះជំងឺ COVID-19 គិតត្រឹមថ្ងៃទី ៣១ ខែសីហា ខណៈរោងចក្រដែលទើបត្រូវបានផ្អាកថ្មីនេះ មានករណីកម្មករឆ្លងតែ ០៥ករណីប៉ុណ្ណោះ៕