(វ៉ាស៊ីនតោន)៖ ក្រុមជីវវិទូនៃសាកលវិទ្យាល័យរដ្ឋញូវម៉ិចស៊ិកូ (New Mexico State) កំពុងព្យាយាមរកមូលហេតុដែលបណ្តាលឲ្យសត្វបក្សី ចំណាកស្រុក រាប់សែនក្បាល ត្រូវបានគេប្រទះឃើញងាប់ នៅទូទាំងរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

បាតុភូតនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែសីហា ជាមួយនឹងការរកឃើញសត្វបក្សីមួយចំនួនដេកងាប់ នៅឯតំបន់ US Army White Sands Missile និងតំបន់ White Sands National Monument។ នេះបើយោងតាមសាស្ត្រាចារ្យ Martha Desmond អ្នកឯកទេសសត្វសាស្ត្រ។ ពីដំបូង វាត្រូវបានគេជឿជាក់ថា ជាឧប្បដិហេតុធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែ មិនយូរប៉ុន្មានវាបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅពេលសត្វបក្សីងាប់រាប់សែនក្បាល ត្រូវបានគេប្រទះឃើញនៅទូទាំងរដ្ឋ។

លោក Desmond បានប្រាប់ទូរទស្សន៍ CNN ថា «វាគួរឲ្យខ្លាចណាស់។ បើយើងក្រឡេកមើលទៅលើចំនួនដែលសត្វបក្សីទាំងនោះស្លាប់ យើងនឹងដឹងថានេះជា ព្រឹត្តិការណ៍ធំណាស់។ សត្វរាប់សែនក្បាល ឬអាចថារាប់លានក្បាលហើយ ដែលបានស្លាប់ដោយមិនទាន់មូលហេតុច្បាស់លាស់»

អ្នកស្រុក និងជីវវិទូបានរាយការណ៍ថា ពួកគេបានឃើញសត្វបក្សីទាំងនោះ ធ្វើសកម្មភាពយ៉ាងចម្លែកមុនពេលងាប់។ កត្តាមួយដែលក្រុមអ្នកជីវវិទូជឿថា ជាមូលហេតុចូលរួម ក្នុងការធ្វើឲ្យបក្សីទាំងនោះងាប់នោះ គឺភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋភាគខាងលិចផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលបង្ខំឲ្យសត្វីបក្សីរាប់រយលានក្បាល ធ្វើការចំណាកស្រុក ដោយមិនបានត្រៀមខ្លួនរួចរាល់៕