(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានពិន័យមនុស្ស០៨នាក់ ដែលបានបំពានវិធានការពាក់ម៉ាសរបស់ក្រសួងសុខាភិបាល ឲ្យទៅជីកផ្នូរសម្រាប់ជនរងគ្រោះស្លាប់ដោយសារ ជំងឺរាត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NEW YORK POST នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។ 

បើតាមកាសែត Jakarta Post អាជ្ញាធរខេត្តជ្វាខាងកើត(East Java) បានដាក់ទណ្ឌកម្មលើអ្នកដែលបានរំលោភបំពានលើវិធានការពាក់ម៉ាស ដោយតម្រូវឲ្យពួកគេទៅជីកផ្នូរ សម្រាប់បញ្ចុះសពអ្នកស្លាប់ដោយសារ COVID-19។ ការធ្វើបែបនេះ ត្រូវបានអាជ្ញាធរអះអាងថា ដើម្បីជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យបំពានវិធានការសុវត្ថិភាពនានារបស់ ក្រសួងសុខាភិបាល ខណៈចំនួនករណីឆ្លង និងស្លាប់នៅក្នុងប្រទេសអាស៊ានមួយនេះ នៅតែមានកម្រិតខ្ពស់នៅឡើយ។

លោក Suyono ថ្នាក់ដឹកនាំស្រុក Cerme នៃខេត្ត East Java គឺបានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកមួយដូច្នេះថា៖ «បច្ចុប្បន្ន មានអ្នកជីកផ្នូរតែបីនាក់ប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថានឹងដាក់ ពួកអ្នក ដែលបំពានច្បាប់ទាំងនោះ ឲ្យធ្វើការជាមួយពួកគេ។ សង្ឃឹមថា វានឹងអាចរារាំងអ្នកដទៃទៀត កុំឲ្យបំពានដូចពួកគេ»

គួរជម្រាបថា បើយោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យចន ហបគីនស៍ (Johns Hopkins) ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងសរុបជាង ២២៥,០៣០នាក់ ក្នុងនោះ ស្លាប់ជិត ៨,៩៦៥នាក់ និងជាសះស្បើយជាង ១៦ម៉ឺននាក់៕