(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចទៅកាន់ភូមិ កាងប៊ុករី (Kangbuk-ri) នៃស្រុកគុមឆុន (Kumchon) ស្ថិតនៅក្នុងខេត្តវ៉ាងហេ (Hwanghae) ខាងជើង ដែលត្រូវបានជួសជុលឡើងវិញពីការខូចខាត បង្កឡើងដោយព្យុះទីហ្វុងកាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ពិតជាពេញចិត្តជាខ្លាំង ចំពោះការជួសជុល និងកសាងភូមិ Kangbuk-ri ឡើងវិញរបស់កងទ័ព ហើយលោកក៏បានចេញបញ្ជាផងដែរ ឱ្យបំផ្លាញចោលសំណង់ចាស់ៗ និងសំណង់រងការខូចខាត ដោយត្រូវសាងសង់ជាថ្មីវិញ ក្រោយភូមិមួយនេះរងការបំផ្លិចបំផ្លាញ ដោយសារព្យុះទីហ្វុងកំណាច។

គួរជម្រាបថា កូរ៉េខាងជើងបានរងគ្រោះដោយព្យុះទីហ្វុង តាំងតែពីចុងខែសីហាមកម្ល៉េះ ហើយការពីថ្ងៃសុក្រសប្ដាហ៍មុន លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ទៅកាន់តំបន់ អ៊ុនផា (Unpha) ខេត្ត Hwanghae ខាងជើង ដែលរងគ្រោះដោយសារទឹកជំនន់។ ប្រទេសកូរ៉េខាងជើងក៏បានទទួលស្គាល់ថា មានប្រជាជនច្រើននាក់បានបាត់បង់ជីវិត ដោយសារតែគ្រោះធម្មជាតិខាងលើនេះដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួនច្បាស់លាស់ឡើយ៕