(អាមេរិក)៖ លោកស្រី តេស៊ី ខាវ (Tracy Koa) ជាគ្រូបង្រៀននៅវិទ្យាល័យ អូរ៉េហ្គន (Oregon) បានរៀបចំខ្លួន បង្រៀនសិស្សនៅថ្ងៃដំបូងតាមប្រព័ន្ធអ៉ីនធើណែត ដោយសារតែជំងឺរាតត្បាត COVID-19 ប៉ុន្តែនៅពេលកូនស្រីរបស់លោកស្រីបានទូរស័ព្ទមកលោកស្រី ហើយស្រែកឆោឡោថា «ភ្លើងកំពុងឆាបឆេះហើយ! ពួកគេឲ្យយើងជម្លៀសចេញជាបន្ទាន់!»។

ភ្លាមៗនោះលោកស្រី Koa បានជិះទៅផ្ទះយ៉ាងលឿន ហើយនៅតាមដងផ្លូវលោកស្រីបានឃើញ ផ្សែងអ័ព្ទយ៉ាងខ្មួលខ្មាញ់ បង្កដោយភ្លើងឆេះព្រៃ ដែលបានគ្របដណ្តប់ទីក្រុង ថេឡេនត៍ (Talent) ដែលជាសញ្ញាលោកស្រីដឹងថា ផ្ទះរបស់លោកស្រីត្រូវបានអណ្តាតភ្លើង លេបត្របាក់រួចទៅហើយ។ លោកស្រី Koa បានបញ្ជាក់ថា «ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយទេ»។ ក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ លោកស្រីព្រមទាំងស្វាមីគឺលោក ដេវីដ ថាំងស្លី (David Tanksley) និងកូនស្រី ពួកគេឈ្មោះ សេណេកា (Seneca) បានប្រញាប់ទៅយកឧបករណ៍បោះជំរុំ និងសត្វឆ្មាដាក់លើឡាន ហើយបានបើកចេញទៅកាន់ទីជម្រកសុវត្តិភាព។

ផ្ទះរាប់រយខ្នងនៅក្នុងតំបន់ចេនសុន (Jackson County) រដ្ឋ Oregon ដែលមានចំនួនប្រជាជនប្រហែល ២២០,០០០នាក់ ត្រូវបានភ្លើងព្រៃដុតកម្ទេច ក្លាយទៅជាផេះនៅក្នុងសប្តាហ៍នេះ។

យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់នៅក្នុងរដ្ឋ Oregon ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលភ្លើងនៅតែបន្តឆេះរីករាលដាល នៅទូទាំងភាគខាងលិចនៃសហរដ្ឋអាមេរិក និងមនុស្សមួយចំនួនបន្តបាត់ខ្លួន។

ក្រុមគ្រួសារអ្នកគ្រូ Koa ស្ថិតក្នុងចំណោមគ្រួសារច្រើនដទៃទៀត ដែលកំពុងធ្លាក់ចុះទៅក្នុងស្ថានភាព ដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែជំងឺរាតត្បាតជាសកល COVID-19 និងឥឡូវនេះភ្លើងឆេះព្រៃដ៏អាក្រក់បំផុត បានកើតមានឡើង ដោយលេបត្របាក់លំនៅឋាន រួមទាំងទ្រព្យសម្បត្តិពួកគេថែមទៀត។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុត បានកើតមាននៅរដ្ឋធំៗចំនួន ០៣ នៅជាប់ឆ្នេរសមុទ្រភាគខាងលិចអាមេរិកមានដូចជា វ៉ាស៊ីនតោនស្តេត, អូរ៉េហ្គន និងកាលីហ្វ័រញ៉ា។ គិតត្រឹមថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា រដ្ឋទាំងបីនេះមានមនុស្សស្លាប់សរុប ៣៣នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនេះ៕