(ញូដេលី)៖ នៅក្នុងការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកឆ្លង COVID-19 ជិតក្បែរខ្ទង់ ១០០,០០០នាក់ក្នុងមួយថ្ងៃៗ នៅរយៈពេលមួយសប្តាហ៍មកនេះ និងអត្រាស្លាប់លើស ១,០០០នាក់ក្នុងមួយថ្ងៃៗ រដ្ឋាភិបាលឥណ្ឌាកំពុងតែគិតពិចារណា នៅក្នុងការបញ្ចេញវ៉ាក់សាំងបន្ទាន់ ដែលអាចនឹងត្រូវចាក់ឲ្យប្រជាជន ដែលងាយរងគ្រោះបំផុត។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ជុំវិញស្ថានការណ៍ដ៏តានតឹងបំផុតនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌាលោក ហាស វ៉ាដាន (Harsh Vardhan) បានលើកឡើងយ៉ាងដូច្នេះថា «ឥណ្ឌាកំពុងតែពិចារណា ចំពោះការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំង COVID-19 ជាបន្ទាន់មួយ។ ប្រសិនបើមានការឯកភាពគ្នា នោះយើងនឹងចាប់ផ្តើមគម្រោងការនេះ ជាពិសេសទៅលើប្រជនជនដែលមានវ័យចំណាស់ និងអ្នកធ្វើការងារ នៅតាមទីកន្លែង ដែលងាយរងហានិភ័យខ្ពស់»

បន្ថែមពីខាងលើនេះ លោករដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា ក៏បានសង្កត់ធ្ងន់ផងដែរថា ពេលវេលានៃការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ៣ នឹងត្រូវកាត់បន្ថយ ដើម្បីអនុញ្ញាតឲ្យការចេញបទបញ្ជាឲ្យប្រើប្រាស់វ៉ាក់សាំងបន្ទាន់ អាចប្រព្រឹត្តទៅបាន។ ទោះជាបែបនេះក្តី លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការធ្វើតេស្តតំណាក់កាលទី ៣ (Phase III) នឹងនៅតែប្រព្រឹត្តទៅគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យរដ្ឋាភិបាលឥណ្ឌា អាចទទួលបានវ៉ាក់សាំងដែលមានទាំងប្រសិទ្ធភាព និងសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា មិនទាន់អះអាងអំពីវ៉ាក់សាំងណាមួយ ដែលអាចនឹងត្រូវបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនោះឡើយ ដោយចម្លើយអាចនឹងត្រូវរង់ចាំ រហូតដល់អំឡុងត្រីមាសទី ១ នៃឆ្នាំ២០២១។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៤.៨៤លានករណី (ជាប់លេខ ២ លើលោក) ក្នុងនោះស្លាប់ជិត ៨ម៉ឺននាក់ និងជាសះស្បើយវិញជាង ៣.៧៧លាននាក់៕