(បាងកក)៖ អាជ្ញធរប្រទេសថៃ បានកោះហៅថ្នាក់ដឹកនាំសកលវិទ្យាល័យនានា ដើម្បីប្រាប់ពួកគេ ឲ្យបញ្ឈប់សកម្មភាពបាតុកម្មតវ៉ារបស់ក្រុមនិស្សិត ដែលកំពុងទាមទារឲ្យមានកម្រែទម្រង់របបរាជានិយម ដោយព្រមានថា ការអំពាវនាវបែបនេះ អាចនឹងនាំទៅរកអំពើហិង្សា។ នេះតាមប្រភពពីសមាជិកព្រឹទ្ធសភាថៃ ដកស្រង់ការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

សមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkarn បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អភិបាលខេត្ត បានផ្ញើលិខិតទៅប្រធានសកលវិទ្យាល័យនានាទាំងអស់ ដើម្បីអញ្ជើញពួកគេឲ្យមកចូលរួមកិច្ចប្រជុំមួយ មុនពេលបាតុកម្មតវ៉ាពីសំណាក់ក្រុមនិស្សិត ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកញ្ញាខាងមុន នៅក្នុងទីក្រុងបាងកក និងកន្លែងផ្សេងៗទៀត។

ជុំវិញបញ្ហានេះ មេដឹកនាំចលនានិស្សិតកញ្ញា Panusaya វ័យ ២១ឆ្នាំ បានហៅទង្វើនេះថាជា «យុទ្ធសាស្ត្រអស់សង្ឈឹម» ដោយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងប្រើយុទ្ធសាស្ត្រនេះដើម្បីព្យាយាមបង្ក្រាបនិងបំបាក់ស្មារតីប្រជាជន។

គួរជម្រាបថា ចាប់តាំងពីពាក់កណ្តាលខែកក្តដាមក ប្រទេសថៃបានប្រឈមមុខនឹងការធ្វើបាតុកម្មតវ៉ា ស្ទើរមិនលោះមួយថ្ងៃ ពីសំណាក់ក្រុមនិស្សិត ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីថៃដែលជាអតីតមេដឹកនាំយោធា គឺលោកប្រាយុធ ចាន់អ៊ូចា ចុះចេញពីតំណែង ក៏ដូចជាទាមទារឲ្យមានកំណែរទម្រង់រដ្ឋធម្មនុញ្ញ។ ក្រុមបាតុករខ្លះទៀត ហ៊ានដល់ទាមទារឲ្យមានកំណែរទម្រង់ ១០ចំនុច លើរដ្ឋធម្មនុញ្ញដើម្បីព្យាយាមរារាំងអំណាច និងឥទ្ធិពលរបស់ព្រះមហាក្សត្រថៃ មកលើឆាកនយោបាយរបស់ប្រទេស៕