(ឡុងដ៍)៖ ការធ្វើតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ លើមនុស្សរបស់ក្រុមហ៊ុន AstraZeneca បានចាប់ផ្ដើមឡើងវិញហើយ នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានផ្អាកកាលពីដើមសប្ដាហ៍ កន្លងទៅ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុន AstraZeneca បានអះអាងថា ខ្លួនទទួលបានការទទួលស្គាល់ពីអាជ្ញាធរសុខាភិបាល អង់គ្លេសថា វាពិតជាមានសុវត្ថិភាពនៅក្នុងការចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង ឡើងវិញ។ ប៉ុន្តែ ក្រុមហ៊ុននេះមិនបានផ្ដល់ព័ត៌មានលម្អិតជុំវិញការផ្អាកការធ្វើតេស្ដ កាលពីដើមសប្ដាហ៍កន្លងទៅ ឡើយ។

គួរជម្រាបថា ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធកន្លងទៅ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការធ្វើតេស្តបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនដែលកំពុងស្ថិត ក្នុងដំណាក់កាលទី៣ នៃការតេស្តសាកល្បងលើមនុស្ស ក្រោយអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តម្នាក់នៅចក្រភពអង់គ្លេស ធ្លាក់ខ្លួនឈឺ។ ក្រុមហ៊ុន AstraZeneca ត្រូវបានបណ្តាប្រទេសលោកខាងលិចផ្តល់ក្តីសង្ឃឹមខ្ពស់បំផុត ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមានការកក់ទុកមុនរាប់រយពាន់លានដូស រួចទៅហើយ៕