(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៣,៨០៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២១៤,៧៤៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលឥណ្ឌូណេស៊ី អ្នកស្លាប់ថ្មី១០៦នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៨,៦៥០នាក់។ ក្រសួងបន្ថែម ថាគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកជំងឺជាសះស្បើយ ២,២៤១នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញ ដោយធ្វើឱ្យចំនួនអ្នកជា សះស្បើយសរុបកើនដល់ ១៥២,៤៥៨នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តទាំង៣៤របស់ឥណ្ឌូណេស៊ី សុទ្ធតែមានករណីឆ្លង COVID-19 ក្នុងនោះរដ្ឋធានីហ្សាការតា រងគ្រោះធ្ងន់ធ្ងរជាងគេ៕