(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) បានប្រកាសថា អាជ្ញាធរបានចាប់ខ្លួនចារកម្មអាមេរិកម្នាក់ ដែលប៉ុនប៉ងវាយប្រហារទៅលើ​រោងចក្រចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរវេណេស៊ុយអេឡាបានឲ្យដឹងថា ចារកម្មខាងលើគឺជាអតីតកងម៉ារីនអាមេរិក ដែលបម្រើការឲ្យ CIA នៅអ៉ីរ៉ាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននៅរដ្ឋ ហ្វាល់ខុន (Falcón) នៅលើឆ្នេរពាយ័ព្យក្បែរព្រំដែនប្រទេសកូឡុំប៊ី ព្រមជាមួយអាវុធធុនធ្ងន់ និងប្រាក់មួយចំនួនធំផងដែរ បន្ទាប់ពីមានផែនការធ្វើការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង អាម៉ាយ (Amuay) និង ខាដុន (Cardón)។

ប្រទេសវ៉េណេស៊ុយអេឡាបានបង្ខំចិត្ត បិទរោងចក្រចម្រាញ់ប្រេងទាំងពីរខាងលើ ក្រោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម។ ប៉ុន្តែរោងចក្រចម្រាញ់ប្រេង Cardón បានចាប់ផ្តើមដំណើរការឡើងវិញ កាលពីខែមេសា ដែលមានសមត្ថភាពផលិតប្រេងប្រមាណជា ៣១០,០០០បារ៉ែលក្នុងមួយថ្ងៃ បន្ទាប់ពីប្រទេសអ៉ីរ៉ង់បានផ្តល់សម្ភារៈចាំបាច់មួយចំនួន។ លើសពីនេះនាវាដឹកប្រេង ០៥គ្រឿងរបស់អ៉ីរ៉ង់ បានទៅដល់ប្រទេសវេណេស៊ុយអេឡា ដើម្បីជួយផ្គត់ផ្គង់កង្វះខាតតម្រូវការប្រេង ក្រោយការបិទទ្វាររោងចក្រចម្រាញ់ប្រេង ដែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការខឹងសម្បារយ៉ាងខ្លាំង។

ប្រេងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលពឹងផ្អែកទាំងស្រុងលើការនាំចេញប្រេង។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាដោយអះអាងថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨កន្លងទៅ មិនមានភាពស្របច្បាប់ និងបានព្រមានដាក់ទណ្ឌកម្មចំពោះប្រទេស ឬអង្គភាពណាដែលទិញប្រេងរបស់វេណេស៊ុយអេឡាផងដែរ។

ការចាប់ខ្លួនខាងលើកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន ស៊ីលវើខប (Silvercorp) បានប៉ុនប៉ងចាប់ខ្លួនលោក ម៉ាឌូរ៉ូ ជាថ្នូរនឹងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ទាហានស៊ីឈ្នួល ០៨នាក់ត្រូវបានសម្លាប់ ហើយអ្នកដែលនៅសេសសល់ ត្រូវបានចាប់ខ្លួនដោយអ្នកនេសាទវេណេស៊ុយអេឡា ដែលជាផ្នែកមួយនៃកងជីវពលក្នុងតំបន់។ នៅជុំវិញបញ្ហានេះទីក្រុងវ៉ាស៊ីនតោនបានបដិសេធ និងច្រានចោល​ចំពោះការចោទប្រកាន់នេះទាំងស្រុង។

គួរបញ្ជាក់ថា កាលពីខែមុនទាហានស៊ីឈ្នួលពីរនាក់របស់ក្រុមហ៊ុន Silvercorp គឺលោក លូក ឌែនមែន (Luke Denman) និង លោក អ៊ែរែន ប៊ឺរី (Airan Berry) ដែលពួកគេទាំងពីរគឺជាទាហានជើងចាស់អាមេរិក ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ​បន្ទាប់ពីបានសារភាពពីឧក្រិដ្ឋកម្មនៃការសមគំនិតក្បត់, ចូលដៃ, ការជួញដូរអាវុធខុសច្បាប់ និងភេរវកម្មនៅវេណេស៊ុយអេឡា៕