(វ៉ាស៊ីនតោន)៖ ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី នៅតែមិនទាន់អាចដោះស្រាយបាន មេបញ្ជាការ និងតំណាងរាស្ត្រអាមេរិកមួយចំនួន កំពុងសម្លឹងមើលពីជម្រើសផ្ទេរអ្វីៗគ្រប់យ៉ាងនៅឯមូលដ្ឋានទ័ព អ៊ីនសឺលីក (Incirlik) ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ទៅកាន់កន្លែងផ្សេងទៀត ខណៈប្រទេសក្រិកត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ ចាត់ទុកជាជម្រើសមួយដ៏ល្អ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសមាជិកព្រឹទ្ធសភាអាមេរិកលោក រ៉ូន ចនសុន (Ron Johnson) ដែលជាប្រធានអនុគណៈកម្មាធិការសម្រាប់តំបន់អឺរ៉ុប នៃគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក នៅក្នុងករណីប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បិទមូលដ្ឋានទ័ព Incirlik នៅថ្ងៃណាមួយ នោះមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅតំបន់ឆ្នេរ សួដា (Souda Bay) នៃកោះក្រេត (Crete) ប្រទេសក្រិក អាចនឹងក្លាយជាទីតាំងជំនួសដ៏ល្អ សម្រាប់ការផ្ទេរទ្រព្យសម្បត្តិយោធាអាមេរិកទៅកាន់ទីនោះ។ លោក Johnson លើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត Washington Examiner នៅថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នភាពតានតឹងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី នៅតែមិនទាន់អាចដោះស្រាយបានឡើយ។ ប្រទេសទាំងពីរដែលសុទ្ធសឹងតែជាសមាជិកអង្គការ NATO កំពុងមានបញ្ហាជាច្រើនត្រូវដោះស្រាយនឹងគ្នា ក្នុងនោះរួមមានទាំងការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី, ប្រតិបត្តិការយោធាតួកគីនៅស៊ីរី, និងការដកប្រទេសតួកគី ចេញពីគម្រោងអភិវឌ្ឍយន្ដហោះចម្បាំង F-35 ជាដើម៕