(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មជនប្រជាធិបតេយ្យហុងកុង ១២នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តក្វាងទុង (Guangdong) ប្រទេសចិន ដោយពួកគេបានបដិសេធក្នុងការទទួលយកមេធាវី ខណៈអាជ្ញាធរចិនក៏មិនបានផ្តល់ព័ត៌មាន ស្តីពីសុខទុក្ខរបស់ពួកគេដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

លោក Pompeo បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មជនទាំងនោះត្រូវបានចាប់ខ្លួនប្រហែលជា ០២សប្តាហ៍មុននៅឯតំបន់ឆ្នេរសមុទ្រហុងកុង បន្ទាប់ពីទូករបស់ពួកគេត្រូវបានស្ទាក់ចាប់ដោយឆ្មាំសមុទ្រចិន នៅឯតំបន់ឆ្នេរសមុទ្រហុងកុង ស្ថិតនៅភាគខាងត្បូងនៃខេត្តក្វាងទុង ដោយពួកគេបម្រុងនឹងធ្វើដំណើរចេញទៅកាន់កោះតៃវ៉ាន់ ដើម្បីដាក់ពាក្យស្នើរសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។

ដោយឡែកអភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រសិនបើពួកគេត្រូវបានចាប់ខ្លួនពីបទរំលោភលើច្បាប់ចិនដីគោកនោះ ពួកគេក៏ត្រូវតែដោះស្រាយស្របតាមច្បាប់ចិនដីគោកដែរ។ ជុំវិញបញ្ហានេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo ក៏បានចោទសំនួរទៅកាន់នាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam អំពីការបេ្ដជ្ញាចិត្តរបស់លោកស្រីផងដែរ ដើម្បីការពារសិទ្ធិរបស់ប្រជាជនហុងកុង និងបានអំពាវនាវឱ្យអាជ្ញាធរហុងកុង ធានានូវដំណើរការកាត់ក្ដីដ៏ត្រឹមត្រូវមួយ៕