(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកពន្លត់អគ្គីភ័យសរុបជាង ២០,០០០នាក់កំពុងតែចូលរួមយ៉ាងសកម្ម នៅក្នុងការពន្លត់ភ្លើងព្រៃនៅក្នុងបណ្តារដ្ឋមួយចំនួន ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក ខណៈមនុស្សស្លាប់ត្រូវបានគេរាយការណ៍ថា បានកើនឡើងរហូតដល់ ១៦នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

បច្ចុប្បន្នបណ្តារដ្ឋនៅឆ្នេរភាគខាងលិចអាមេរិក កំពុងតែទទួលរងភ្លើងឆេះព្រៃយ៉ាងដំណំ ជាពិសេសរដ្ឋវ៉ាស៊ីនតោនស្តេត, អូរ៉េហ្គន (Oregon), និងកាលីហ្វ័រញ៉ា ខណៈអាកាសធាតុចុះត្រជាក់វិញបន្តិចនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា (ពេលវេលានៅអាមេរិក) បានផ្តល់ក្តីសង្ឃឹមបន្តិចអំពីលទ្ធភាព ដែលភ្លើងឆេះព្រៃអាចធូរស្រាលឡើងវិញ។

ទោះជាបែបនេះក្តី ភ្លើងឆេះព្រៃរាប់សិបទីតាំងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អូរ៉េហ្គន និងវ៉ាស៊ីនតោន នៅតែមានសភាពពុះកញ្ជ្រោលនៅឡើយ ដោយគិតត្រឹមសប្តាហ៍នេះមនុស្សសរុប ១៦នាក់ហើយបានស្លាប់ ខណៈអណ្តាតភ្លើងបានកាត់ផ្តាច់ចរាចរណ៍ តាមផ្លូវគោកជាច្រើនទីតាំង។ សម្រាប់រដ្ឋអូរ៉េហ្គនតែឯងប៉ុណ្ណោះ មនុស្សរហូតដល់ទៅជាកន្លះលាននាក់ ត្រូវបានណែនាំឲ្យជម្លៀសចេញពីលំនៅឋានទៅរកទីកន្លែងសុវត្ថិភាព ឬរដ្ឋក្បែរខាងជាបណ្តោះអាសន្ន ក្នុងនោះជាង ៤០,០០០នាក់បានភៀសចេញរួចហើយ។

ដោយឡែកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាវិញ ផ្ទៃមេឃពេលរាត្រីបានប្រែក្លាយជាពណ៌លឿងទុំ ប្រៀបដូចថ្ងៃទើបលិច ហើយផ្សែងពុលនៅតែបន្តរាតត្បាតស្ទើរពាសពេញរដ្ឋ។ អាជ្ញាធរអាមេរិក៏បានបញ្ជាក់ផងដែរថា មនុស្សជាង ១០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្គ្រោះនៅតែបន្តព្យាយាមជួយស្រោចស្រង់ ទាំងអាយុជីវិតមនុស្សផង និងទ្រព្យសម្បត្តិនានាផង៕