(ឡូសអាន់ជែឡេស)៖ អាជ្ញាធរអាមេរិកបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា មនុស្សជាងកន្លះលាននាក់ត្រូវបានជម្លៀសចេញពីរដ្ឋអូរ៉េហ្គន (Oregon) ខណៈភ្លើងឆេះព្រៃដ៏ធំមួយ នៅតែបន្តឆេះរាលដាល ពាសពេញភាគខាងលិចសហរដ្ឋអាមេរិក ដោយបានបំផ្លាញលំនៅឋានរាប់រយខ្នង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ០៩នាក់រួចមកហើយនៅក្នុងរដ្ឋនេះ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមអាជ្ញាធររដ្ឋ Oregon បានគូសបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រហែលជា ៣,០០០នាក់បាននឹងកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំមួយនេះ ដែលវាកំពុងឆាបឆេះនៅលើផ្ទៃដីជាង ៩សែនហិកតានៅទូទាំងរដ្ឋ Oregon ខណៈមនុស្សប្រមាណ ៥សែននាក់ត្រូវបានជម្លៀសចេញទៅកាន់ទីជម្រកសុវត្ថិភាព។

គួរជម្រាបថា មេបញ្ជាការប៉ូលីសតំបន់ អេស្លេនដ៍ (Asland) លោក ធីក អូមៀរ៉ា (Tighe O’Meara) បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយ ជុំវិញករណីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅក្នុងរដ្ឋ Oregon នេះ ដែលអណ្ដាតភ្លើងបានចាប់ផ្ដើមរាលដាលចេញពីទីក្រុង Asland ដែលស្ថិតនៅក្បែរព្រំដែនរដ្ឋកាលីហ្វ័រញ៉ា California និងត្រូវបានសង្ស័យថា ជាទង្វើររបស់មនុស្ស៕