(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឲ្យមានការផ្តល់ជំនួយជាទឹកប្រាក់ជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់មនុស្សច្រើនជាង ៩០០,០០០នាក់ក្នុងរយៈពេលជាង ៦ខែ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ួ ហ្គួទែរែស (Antonio Guterres) បានជំរុញឲ្យប្រទេសនានាផ្តល់ថវិកាបន្ថែមចំនួន ១៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ០៣ខែទៀត ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីជម្រុញសកម្មភាព (ACT-Accelerator) ដែលជាកិច្ចសហការថ្នាក់សកល ដើម្បីស្វែងរកវ៉ាក់សាំង និងការព្យាបាល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO)។

លោក Guterres បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «តើយើងត្រូវតែឈររួមគ្នា ឬយើងនឹងត្រូវវិនាសទាំងអស់គ្នា? ព្រោះថាវីរុសកូរ៉ូណា (COVID-19) គឺជាការគំរាមកំហែងលេខមួយ ដល់សន្តិសុខពិភពលោកនៅពេលនេះ»

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវការថវិកាបន្ថែម ដើម្បីបង្កើនឱកាសស្វែងរកដំណោះស្រាយជាសកល ក្នុងការធ្វើឲ្យពិភពលោករបស់យើងទាំងអស់គ្នា បន្តដើរទៅទៅមុខ និងរីកចម្រើន។ ទឹកប្រាក់ជិត «៣ពាន់លានដុល្លារ» ដែលត្រូវបានចូលរួមតាមវិភាគទានកន្លងមកនេះ ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែយើងត្រូវការ ៣៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្លាស់ប្តូរពីការចាប់ផ្តើមដល់ការបង្កើនលទ្ធភាព ដោយចាប់ផ្តើមពីទឹកប្រាកដំបូង ១៥ពាន់លានដុល្លារក្នុងរយៈពេល ០៣ខែខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក លោក Antonio Guterres៕