(ឡូស អាន់ជឺឡែស)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ថា មនុស្ស០៣នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃដ៏ធំមួយ នៅក្នុងតំបន់ Butte County នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធរប្រចាំតំបន់ Butte បានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ខាងលើ មាន០២នាក់ ត្រូវបានគេរកឃើញនៅទីតាំងតែមួយ និងម្នាក់ទៀតនៅទីតាំងផ្សេង ហើយម្នាក់ក្នុង ចំណោមអ្នកទាំងបីនាក់នេះទៀតសោត ត្រូវបានគេរកឃើញនៅក្នុងរថយន្ត ដែលបានព្យាយាមបើករត់គេចពីភ្លើងឆេះព្រៃដ៏ធំនេះ។ ភ្លើងឆេះព្រៃ នៅភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា បានឆាបឆេះអស់រយៈពេលជាង ៣សប្តាហ៍ហើយ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចេញពីផ្ទះសម្បែង និងបានគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងទៀតផងដែរ។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បច្ចុប្បន្ន ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៃរដ្ឋកាលីហ្វរញ៉ា បាន និងកំពុងផ្តោតលើការជួយសង្គ្រោះជីវិត និងផ្ទះសម្បែងជាច្រើន ជំនួសឱ្យការព្យាយាមពន្លត់អគ្គីភ័យ៕