(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែលនឹងចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង COVID-19 ជាលើកដំបូងបំផុតលើមនុស្ស ដោយមានអ្នកស័គ្រចិត្តចូលរួម ១០០នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

ការធ្វើតេស្ដខាងលើ នឹងត្រូវធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ នៅឯមន្ទីរពេទ្យ សេបា (Sheba) និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាដាស្សាហ៍ (Hadassah Medical Center) ក្នុងទីក្រុងហ្សេរុយសាឡឹម ហើយការជ្រើសរើសស្ថាប័នទាំងពីរនេះ ក៏ព្រោះតែទីនោះមានទីតាំងធំទូលាយ សម្រាប់ការធ្វើតេស្ដ។

បេក្ខភាពវ៉ាក់សាំងអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រ (Biological Research) នៃរដ្ឋាភិបាលអ៉ីស្រាអែល ដំណើរការទៅដោយផ្អែកលើវីរុសមួយប្រភេទទៀត ដែលមិនអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស។ សមាសធាតុមួយនៃវីរុសនេះ ត្រូវបានជំនួសដោយសមាសធាតុមួយនៃវីរុសកូរ៉ូណា ដែលទទួលខុសត្រូវតភ្ជាប់ ទៅកាន់កោសិកាមនុស្ស។ ចំណែកឯប្រព័ន្ធភាពសុំា ត្រូវបានគេសន្មត់ថា នឹងបញ្ជាក់ពីទីតាំងតភ្ជាប់ ព្រមទាំងជំរុញអង់ទីករប្រឆាំងវីរុស ក៏ដូចជាបង្ការមិនឱ្យវីរុសកូរ៉ូណា ឆ្លងពីទីតាំងតភ្ជាប់ទៅកោសិកា។

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ វិទ្យាស្ថាន Biological Research បានប្រកាសពីជោគជ័យលើការធ្វើតេស្ដវ៉ាក់សាំងខាងលើនេះ លើសត្វកណ្ដុរមួយប្រភេទ (hamsters) ដោយលទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះអាចជំរុញអង់ទីករ ប្រឆាំងនឹងវីរុសកូរ៉ូណាបាន។ ដោយឡែក ប្រសិនបើការធ្វើតេស្ដលើមនុស្ស ក្នុងដំណាក់ដំបូងបានទទួលជោគជ័យ នោះការធ្វើតេស្ដនឹងត្រូវពង្រីក ដោយមានអ្នកស្ម័គ្រចិត្តរាប់រាយនាក់បន្ថែមទៀត៕