(ញូយ៉ក)៖ លោកអភិបាល ខេត ប្រោន (Kate Brown) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា រដ្ឋអូរ៉េហ្គន (Oregon) កំពុងប្រឈមមុខនឹងភ្លើងឆេះព្រៃដែលមានឥទ្ធិពល និងបន្តរីករាលដាលកាន់តែខ្លាំង បន្ទាប់ពីបានបំផ្លាញក្រុងតូចៗចំនួន ០៥ រួចទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

ខ្យល់បក់ខ្លាំង និងបរិយាកាសក្តៅហួតហែង បានបង្កឲ្យមានភ្លើងឆេះព្រៃប្រហែលជា ១០០កន្លែង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងនោះរដ្ឋ Oregon គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានដកថយ ចេញតំបន់ដែលខ្លួនមិនអាចគ្រប់គ្រងអណ្តាតភ្លើងបាន ខណៈដែលអាជ្ញាធរបានណែនាំ ឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសចេញទៅកាន់ទីជម្រកសុវត្តិភាព ក្រោយពីបានជូនដំណឹងត្រឹមកន្លះម៉ោងប៉ុណ្ណោះ។

បើតាមសម្តីប៉ូលីសក្នុងតំបន់ខាងលើនេះបានឲ្យដឹងថា ភ្លើងឆេះព្រៃនេះនៅតែបន្ត មានសន្ទុះរាលដាលកាន់ខ្លាំង បន្ទាប់ពីបានបំផ្លាញគេហដ្ឋាន ៦,០០០ខ្នងនៅក្រុង ថាលែនត៍ (Talent) និង ៥,០០០ខ្នងនៅទីក្រុង ហ្វឺនិច (Phoenix)។ ដោយឡែកសម្រាប់រដ្ឋកាលីហ្វ័រញ៉ាវិញ ឧទ្យានជាតិទាំង ១៨កន្លែងត្រូវបានត្រូវបានបិទ បន្ទាប់ពីភ្លើងឆេះព្រៃបន្តរីករាលដាលកាន់តែធំឡើងៗ។ នៅភាគខាងជើងនៃរដ្ឋ ដែលមានប្រជាជនរស់នៅច្រើនបំផុតនេះ មនុស្សរាប់ម៉ឺននាក់ត្រូវបានអាជ្ញាធរ ណែនាំជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញទីក្រុង អ៉ូរ៉ូវីល (Oroville)។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០នេះ បានរីលរាលដាលលើផ្ទៃដីប្រមាណ ៤.៧លានហិកតា។ ភ្លើងឆេះព្រៃភាគច្រើនកើតឡើងនៅតាមរដ្ឋ ដែលស្ថិតនៅខាងលិចនៃសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា ភ្លើងឆេះព្រៃធំៗ ១៧កន្លែងទៀតបានកើតឡើង ដែលនាំឲ្យចំនួនសរុបកើនដល់ ៩៦កន្លែង និងកំពុងឆាបឆេះនៅលើផ្ទៃដីជាង ៣.៤លានហិកតា៕