(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងលូកលាន់ដោយផ្ទាល់ ចូលក្នុងជម្លោះដែនដី និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីតែប្រយោជន៍នយោបាយរបស់ខ្លួនឯងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងវីដេអូខុនហ្វេរិន ជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃពុធសប្ដាហ៍នេះ ហើយក៏បានឆ្លៀតចោទប្រកាន់ត្រង់ៗផងដែរថា សហរដ្ឋអាមេរិកគឺជាកត្តាដ៏ចម្បង ដែលជំរុញឱ្យមានសកម្មភាពយោធានៅក្នុងតំបន់។

ប្រមុខការទូតចិនបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សន្តិភាព និងស្ថេរភាពគឺជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏អស្ចារ្យរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង»។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមានបំណងរក្សាទំនាក់ទំនង និងចង់មានកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ។

គួរជម្រាបថា កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកបានកត់បញ្ចូលក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលជាច្រើននាក់ ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បួង។ ក្រៅពីនេះសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់តំបន់សមុទ្រខាងត្បូងផងដែរ៕