(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះថា វាអាចទៅរួចដែលមេបក្សប្រឆាំងរុស្ស៊ី លោក អាឡិចសៃ ណាវ៉ាល់នី ( Alexei Navalny) ត្រូវបានមន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយចំនួន បញ្ជាឲ្យគេដាក់ថ្នាំបំពុល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងកិច្ចអត្ថាធិប្បាយមួយ ដែលត្រូវបានផ្សព្វផ្សាយតាមកម្មវិធីវិទ្យុ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo ថែមទាំងបានអះអាងទៀតថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺសុទ្ធតែបានឃើញច្បាស់ដូចៗគ្នាអំពីរឿងនេះ ហើយអាមេរិក និងអឺរ៉ុបក៏កំពុងតែទាមទារឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ចេញមុខទទួលខុសត្រូវចំពោះរឿងរ៉ាវ ដែលបានកើតឡើងនោះផងដែរ។

លោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាប្រជាជននៅទូទាំងពិភពលោក សុទ្ធតែធ្លាប់បានឃើញសកម្មភាពដូចគ្នានេះថា តើវាត្រូវបានធ្វើឡើងដើម្បីអ្វី។ នៅពេលដែលប្រជាជនមើលឃើញ អំពីការព្យាយាមបំពុលមេដឹកនាំក្រុមប្រឆាំង ដូច្នេះពួកគេបានស្វែងយល់ថា វាអាចនឹងមានជាប់ពាក់ព័ន្ធ នឹងបណ្តាមន្ត្រីជាន់ខ្ពស់រុស្ស៊ី... ខ្ញុំគិតថានេះមិនមែនជារឿងល្អ សម្រាប់ប្រជាជនរុស្ស៊ីនោះទេ។ ខ្ញុំគិតថា វាមិនល្អសម្រាប់រុស្ស៊ីតែម្តង»

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកខាងលើនេះ បានកើតមានឡើងក្រោយពីក្រសួងការបរទេសរុស្ស៊ី បានចេញមុខច្រានចោល នូវរាល់ការចោលប្រកាន់ដោយគ្មានមូលដ្ឋាន ពីសំណាក់បណ្តាប្រទេសលោកខាងលិច ជាពិសេសអឺរ៉ុប និងអាមេរិក អំពីការបំពុលមេដឹកនាំក្រុមប្រឆាំងរុស្ស៊ី លោក Alexei Navalny។

លោក Navalny ត្រូវបានគេដឹកតាមយន្តហោះពិសេសពីប្រទេសរុស្ស៊ី ទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីខែសីហា ក្រោយពីបានផឹកទឹកតែដែលមានជាតិពុល។ កាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានអះអាងថា មេបក្សប្រឆាំងរុស្ស៊ីរូបនេះ ត្រូវបានបំពុលដោយសារធាតុពុលម្យ៉ាងឈ្មោះថា ណូវីឆុក (Novichok) ដែលត្រូវបានផលិត និងប្រើប្រាស់តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ៕