(វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិក បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប្រកាសអំពីផែនការដកកងទ័ពបន្ថែមទៀតចេញពីប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន នៅសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន មន្ត្រីអាមេរិកខាងលើ បានប្រាប់ថា លោកប្រធានាធិបតី នឹងប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) អំពីគម្រោងក្នុងការដកទ័ពអាមេរិកជាបន្តទៀត ចេញពីអ៉ីរ៉ាក់ ខណៈគម្រោងពាក់ព័ន្ធនឹងអាហ្វហ្គានីស្ថាន គឺនឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ។

ក្នុងជំនួបមួយជាមួយនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាដហេមី (Mustafa al-Kadhemi) កាលពីខែសីហាកន្លងទៅ លោក ត្រាំ បានគូសបញ្ជាក់ថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីប្រទេសអ៉ីរ៉ាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីកាលបរិច្ឆេទនោះទេ។
កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានកើតមានស្របពេលដែលមានការកើនឡើងនូវការវាយប្រហារទៅលើកងទ័ពអាមេរិក ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ដែលមានអ៉ីរ៉ង់នៅពីក្រោយខ្នង ហើយរដ្ឋាភិបាលអ៉ីរ៉ាក់ត្រូវស្ថិតក្រោមសម្ពាធឲ្យបណ្តេញកងទ័ពអាមេរិកប្រមាណ ៥,០០០នាក់ ដែលបានដាក់ពង្រាយនៅក្នុងប្រទេសអ៉ីរ៉ាក់ ក្រោមក្របខណ្ឌនៃយុទ្ធនាការប្រឆាំងក្រុមភេរវករ។

គួររំលឹកថា កាលពីចុងឆ្នាំ ២០១១ សហរដ្ឋអាមេរិកធ្លាប់បានដកកងទ័ពខ្លួនមួយចំនួនធំចេញពីប្រទេសអ៉ីរ៉ាក់ម្តងរួចទៅហើយ ដោយបន្សល់ទុកនូវបេសកកម្មមួយចំនួនតូចប៉ុណ្ណោះ ភ្ជាប់នៅជាមួយនឹងស្ថានទូតអាមេរិកនៅទីនោះ។ ប៉ុន្តែអាមេរិកក៏បានដាក់ពង្រាយកងទ័ពសាជាថ្មី នៅប៉ុន្មានឆ្នាំក្រោយមក ដើម្បីគាំទ្រដល់កងទ័ពអ៉ីរ៉ាក់ក្នុងសង្គ្រាមប្រឆាំងនឹងក្រុម ISIS ដែលបានធ្វើសកម្មភាពវាទីយ៉ាងខ្លាំងក្លា កាលពីឆ្នាំ២០១៤។

នៅប្រទេសអាហ្វហ្គានីស្ថានវិញ សហរដ្ឋអាមេរិកមានកងទ័ពសរុបចំនួន ៨,៦០០នាក់ ដែលស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ២០២០ រវាងទីក្រុងវ៉ាស៊ីនតោន និងពួកឧទ្ទាមតាលីបង់ (Taliban)។ កាលពីខែសីហាកន្លងទៅ មន្ទីរបញ្ចកោណអាមេរិក បានគូសបញ្ជាក់ថា គោលដៅរបស់ខ្លួន គឺកាត់បន្ថយចំនួនកងទ័ពអាមេរិកឲ្យនៅសល់តិចជាង ៥,០០០នាក់ នៅអាហ្វហ្គានីស្ថាន ខណៈដែលកិច្ចចរចាសន្តិភាពអាហ្វហ្គានីស្ថានមានការវិវត្តទៅមុខ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងអាមេរិក-តាលីបង់ កងទ័ពបរទេសទាំងអស់ត្រូវតែចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅចន្លោះខែមីនា-មិថុនា ឆ្នាំ២០២១ ជាថ្នូរនឹងការប្តេជ្ញារក្សាសន្តិសុខពីក្រុមតាលីបង់។ លោក ត្រាំ ក៏ធ្លាប់បានសន្យាដែរថា លោកនឹងដកកងទ័ពអាមេរិកទាំងអស់ត្រឡប់មកពីមាតុភូមិវិញ ក្នុងគោលបំណងបញ្ចប់នូវអ្វី ដែលលោកបានហៅថាសង្គ្រាមគ្មានទីបញ្ចប់របស់អាមេរិក៕