(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះ បានប្រកាសចេញសេចក្តីណែនាំ ស្តីពីការរៀបចំបើកសាលារៀនឡើងវិញជាបណ្តើរៗ គឺសម្រាប់ថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះតទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងសេចក្តីណែនាំខាងលើ មានការគូសបញ្ជាក់អំពីវិធានការបង្ការទូទៅផ្សេងៗ ដើម្បីការពារការឆ្លងរីករាលដាលនៃ COVID-19 ដែលត្រូវយកទៅអនុម័តនៅពេលសាលារៀនបើកទ្វារទទួលសិស្សានុសិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ឲ្យចូលរៀននៅសាលាផ្ទាល់វិញ។ នៅក្នុងថ្នាក់រៀន ការចែករំលែកសម្ភារៈសិក្សា ដូចជាសៀវភៅពុម្ព ប៊ិច ឬខ្មៅដៃ ក៏ដូចជាដបទឹក ក្នុងចំណោមសិស្សានុសិស្ស គឺត្រូវបានហាមឃាត់ ហើយការរៀនសូត្រតាមប្រព័ន្ធអនឡាញ ត្រូវបានជំរុញលើកទឹកចិត្ត។

ជាមួយគ្នានេះ គោលការណ៍ណែនាំពីក្រសួងសុខាភិបាលឥណ្ឌា បានបន្ថែមថា ការរៀបចំកន្លែងអង្គុយត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ជិត២ម៉ែត្រពីគ្នា ហើយគ្រូៗត្រូវតែធានាថា ទាំងពួកគេផ្ទាល់ ព្រមទាំងសិស្សត្រូវតែចូលរួមពាក់ម៉ាសទាំងអស់គ្នាផងដែរ ខណៈកន្លែងញ៉ាំអាហារនៅក្នុងសាលារៀន គឺមិនត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើយ។

គួរជម្រាបថា ខណៈឥណ្ឌាកំពុងត្រៀមរៀបចំបើកទ្វារសាលារៀនជាបណ្តើរៗឡើងវិញ ស្ថានភាពឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុង ប្រទេសដែលមានប្រជាជនយ៉ាងច្រើនសម្បើមនេះ គឺនៅតែធ្ងន់ធ្ងរដដែល ជាមួយករណីឆ្លងរាប់ម៉ឺននាក់ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ បច្ចុប្បន្នឥណ្ឌាជាប្រទេសមានករណីឆ្លងសរុបច្រើនបំផុតទីពីរ នៅលើពិភពលោក៕