(តៃប៉ិ)៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានអះអាងថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលមកក្នុងដែនអាកាសនៃតំបន់ភាគនិរតីរបស់ខ្លួន ដែលនេះគឺជាសកម្មភាពបង្កអស្ថេរភាព និងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងទៀតថា យន្ដហោះចិនជាច្រើនគ្រឿង ដែលហោះចូលក្នុងដែនអាកាសភាគនិរតីកោះតៃវ៉ាន់ ក្នុងនោះរួមមាន យន្ដហោះចម្បាំង Su-30 និង J-10 ហើយទន្ទឹមគ្នាយោធាតៃវ៉ាន់ បានធ្វើសកម្មភាពឆ្លើយតបភ្លាមៗ និងព្រមានឱ្យយន្ដហោះចម្បាំងចិន ហោះចេញពីដែន អាកាសរបស់ខ្លួន។ ក៏ប៉ុន្តែ ភាគីចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយ ទៅនឹងការចោទប្រកាន់ពីក្រសួងការពារជាតិតៃវ៉ាន់។

គួរជម្រាបថា បច្ចុប្បន្ន តៃវ៉ាន់ កំពុងដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅឯតំបន់ឆ្នេរភាគនិរតី និងភាគខាងកើត ចំពេលចិនក៏កំពុងបង្កើនសកម្មភាពយោធា តាមរយៈ ការដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរកោះតៃវ៉ាន់ ផងដែរ៕