(វែលលីងតុន)៖ គណបក្សពលករដែលជាបក្សកាន់អំណាចសព្វថ្ងៃ នៅក្នុងប្រទេសនូវែលសេឡង់ របស់លោកស្រីនាយករដ្ឋមន្ត្រី ចេស៊ីនដា អាដឺម (Jacinda Ardern) បានសន្យាថា នឹងពន្ធលើប្រជាជនទាំងឡាយណា ដែលរកបានប្រាក់ចំណូលខ្ពស់ ប្រសិនបើខ្លួនអាចបន្តដឹកនាំប្រទេស ឬក៏ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលនៅខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ការសន្យាខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ហ្គ្រែនត៍ រ៉ូប៊ឺតសុន (Grant Robertson) និងបន្ទាប់ពីការស្ទង់មតិជាច្រើនបានបង្ហាញថា គណបក្សពលកររបស់លោកស្រី Ardern អាចនឹងទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលនៅខែតុលាខាងមុខ។ បើតាមលោក Robertson រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សពលករ នឹងដំឡើងពន្ធ ៣៩ភាគរយ លើអ្នកដែលរកបានប្រាក់ចំណូលច្រើនជាង ១៨០,០០០ដុល្លារនូវែលសេឡង់ ឬស្មើនឹង ១១៩,០០០ដុល្លារអាមេរិក ខណៈគោលនយោបាយថ្មីមានគោលដៅ​បង្កើនប្រាក់ចំណូលប្រចាំឆ្នាំ ៥៥០លានដុល្លារនូវែលសេឡង់។

ទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះនៅតែបញ្ជាក់ដដែលថា ការយកពន្ធនេះនៅមានកម្រិតទាប ជាងប្រទេសក្បែរខាង នោះគឺអូស្រ្ដាលី ដែលបានយកពន្ធ ៤៧ភាគរយពីអ្នករកបានប្រាក់ចំណូលខ្ពស់ជាង ១៨០,០០០ដុល្លារអូស្រ្ដាលី ឬស្មើនឹង ១៣០,០០០ដុល្លារអាមេរិក។ បច្ចុប្បន្នអត្រាពន្ធលើប្រាក់ចំណូលខ្ពស់បំផុត នៅក្នុងប្រទេសនូវែលសេឡង់គឺ ៣៣ភាគរយ លើអ្នកដែលរកបានចំណូលខ្ពស់ជាង ៧០,០០០ដុល្លារនូវែលសេឡង់៕