(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតអាវុធ ណតស៍រ៉ប់ ហ្គ្រាន់មែន (Northrop Grumman) ត្រូវបានជ្រើសរើសឲ្យក្លាយជាក្រុមហ៊ុនតែមួយគត់ ដែលនឹងទទួលបន្ទុកអភិវឌ្ឍ ក៏ដូចជាធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលអន្តរទ្វីប ICBM ជំនាន់ថ្មីសម្រាប់កងទ័ពអាកាសអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន Northrop Grumman បានទទួលកិច្ចសន្យាមានតម្លៃជាង ១៣.៣ពាន់លានដុល្លារ ពីកងទ័ពអាកាសអាមេរិក ក្នុងការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលអន្តរទ្វីប ICBM ជំនាន់ថ្មី ជំនួសប្រព័ន្ធមីស៊ីលអន្តរទ្វីប ICBM ស៊េរីចាស់ មីនុតមែន ៣ (Minuteman III) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ មកម្ល៉េះ។ កិច្ចសន្យានេះមានរយៈពេល ៨ឆ្នាំកន្លះ ក្នុងនោះរួមបញ្ចូលទាំងការរចនាប្រព័ន្ធអាវុធ, ការធ្វើតេស្ដ, ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាណប័នបត្រនុយក្លេអ៊ែរជាដើម។

គួរជម្រាបថា ការសម្រេចចិត្តផ្ដល់កិច្ចសន្យាខាងលើ របស់កងទ័ពអាកាសអាមេរិក កើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Boeing ជាក្រុមហ៊ុនតែមួយគត់ ដែលប្រជែងជាមួយក្រុមហ៊ុន Northrop Grumman មានមូលដ្ឋានក្នុងរដ្ឋ Virginia បានសម្រេចចិត្តដកខ្លួនពីការប្រកួតប្រជែង ដោយសារតែមិនពេញចិត្ត ចំពោះកងទ័ពអាកាសអាមេរិក ដែលមិនបានបន្ថែមកញ្ចប់ថវិកា លើគម្រោងអភិវឌ្ឍប្រព័ន្ធមីស៊ីលនេះ៕