(តូក្យូ)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថា បាននិងកំពុងប្រមូលផ្ដុំកម្លាំងគ្នាសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុងការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសកលមួយ ដែលអាចនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ខណៈគណបក្សកាន់អំណាច កំពុងស្វះស្វែងរកអ្នកបន្តវេនពីលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

គណបក្សរដ្ឋធម្មនុញ្ញនៃប្រជាធិបតេយ្យជប៉ុន (CDPJ) នឹងត្រូវរួបរួមកម្លាំងគ្នា ជាមួយអតីតសមាជិករបស់ខ្លួនភាគច្រើន នៅក្នុងគណបក្សប្រជាធិបតេយ្យជប៉ុន (DPP) នៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីពួកគេជ្រើសរើសបានមេដឹកនាំថ្មីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ម្យ៉ាងវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការច្របាច់បញ្ចូលគ្នា នៃគណបក្សប្រឆាំងទាំង ២ អាចនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញានេះ។

គួរជម្រាបថា គណបក្សប្រធិបតេយ្យសេរី LDP ដែលកំពុងកាន់អំណាច នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី១៤ ខែកញ្ញានេះ ហើយមកទល់នឹងបច្ចុប្បន្ន ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យូសស៊ីហ៊ីដិ (Suga Yoshihide) ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅក្នុងគណបក្ស LDP ហើយអាចនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ជំនួសលោក អាបេ ចំពេលការបោះឆ្នោតសកលអណត្តិថ្មីមួយ អាចនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះផងដែរ៕