(ញូយ៉ក)៖ ក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស អាស្ត្រាហ្សេណកា (AstraZeneca) បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ន នូវធ្វើការធ្វើតេស្តវ៉ាក់សាំង COVID-19 មួយក្នុងចំណោម បេក្ខភាពវ៉ាក់សាំងផ្សេងៗទៀត នៅក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ ព្រោះតែខ្លួនព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រុមហ៊ុន AstraZeneca គឺលោកស្រី មីឈែល មៃស៊ែល (Michele Meixell) បានប្រាប់អ្នកសារព័ត៌មាននានាថា «ដំណើរការត្រួតពិនិត្យប្រព័ន្ធស្តង់ដារ របស់យើងឡើងវិញត្រូវចាប់ផ្តើម... ដូច្នេះយើងបានសម្រេច ផ្អាកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីអនុញ្ញាតឱ្យពិនិត្យឡើងវិញ នូវទិន្នន័យអំពីសុវត្ថិភាព ដោយគណៈកម្មាធិការឯករាជ្យ»

ការធ្វើតេស្តវ៉ាក់សាំង COVID-19 ដែលត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យអុកស្វដ (Oxford) ចក្រភពអង់គ្លេស ត្រូវបានធ្វើឡើងនៅតាមប្រទេសមួយចំនួន ក្នុងនោះក៏រួមមានចក្រភពអង់គ្លេស ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកលនេះផងដែរ។ ក្រុមហ៊ុននេះត្រូវបានប្រទេសលោកខាងលិច ផ្តល់ក្តីសង្ឃឹមខ្ពស់បំផុត ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមានការកក់ទុកមុន រាប់រយពាន់លានដូសរួចទៅហើយ។

គួរបញ្ជាក់ថា ការសម្រេចផ្អាកសកម្មភាពធ្វើតេស្តខាងលើនេះ បានកើតមានឡើង ក្រោយពីមានសេចក្តីរាយការណ៍ថា មានករណីសង្ស័យអំពីប្រតិកម្មថ្នាំយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុបង្ខំឲ្យ AstraZeneca ផ្អាកបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនមួយនោះសិន ដើម្បីធ្វើការស៊ើបអង្កេត។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ជាធម្មតាការធ្វើតេស្តទ្រង់ទ្រាយធំ គឺតែងតែបណ្តាលឲ្យមានប្រតិកម្ម (reaction) លើរាងកាយមនុស្សមួយចំនួន ប៉ុន្តែការស៊ើបអង្កេត ដោយឯករាជ្យត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន៕