(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានព្រមានប្រាប់ទៅ សហរដ្ឋអាមេរិកនិងចិនថា កុំឲ្យយកប្រទេសរបស់លោកស្រី មកលេងជាល្បែងដណ្តើមអំណាចគ្នាក្នុងតំបន់ ដោយបានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីមិនចង់ជាប់អន្ទាក់ នៅក្នុងការប្រជែងឥទ្ធិពលគ្នារវាងមហាអំណាចទាំងពីរនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

លោកស្រី Retno ដែលជាប្រមុខការទូតនៃប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការអត្ថាធិប្បាយខាងលើ នៅក្នុងបទសម្ភាសន៍​មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុនកិច្ចប្រជុំសំខាន់ៗរបស់រដ្ឋមន្ត្រីការបរទេសក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិក និងចិនក៏មានអ្នកតំណាងចូលរួមផងដែរ។

សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង មានស្គាល់ភាពតានតឹងជាខ្លាំង នារយៈពេលចុងក្រោយនេះ ដែលបានបង្កជាក្តីបារម្ភក្នុងចំណោមរដ្ឋនៅអាស៊ីអាគ្នេយ៍ចំនួន អំពីហានីភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធ។ ទាំងសហរដ្ឋអាមេរិក និងចិន បានពង្រឹងការទូតរបស់ខ្លួន នៅក្នុងតំបន់ដើម្បីបញ្ចុះបញ្ចូលប្រទេសជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ានឲ្យចេះយោគយល់ចំពោះតួនាទីរបស់ពួកគេ។

ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi មានប្រសាសន៍ថា អាស៊ាន (ASEAN) ត្រូវតែរក្សាជំហរអព្យាក្រឹត និងសាមគ្គីភាពគ្នា។ ទន្ទឹមគ្នានោះលោកស្រីបានបន្ថែមថា អាស៊ាន ក៏ដូចជាប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូ។ ប៉ុន្តែយើងមិនចង់ជាប់អន្ទាក់ នៅក្នុងការប្រកួតប្រជែងនេះទេ៕