(ហ្សឺណេវ)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃអង្គារនេះបានព្រមានថា ប្រទេសមហាអំណាច ត្រូវតែសហការគ្នាជាធ្លុងមួយ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចដើម្បីជួយសង្រ្គោះធម្មជាតិ បើពុំនោះសោត មនុស្សជាតិនឹងត្រូវវិនាសសាបសូន្យជាមិនខាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។


ប្រមុខ UN រូបនេះ បានទទួលស្គាល់ថា វិបត្តិជំងឺឆ្លង COVID-19 បានធ្វើឲ្យបរិយាកាសខាងក្រៅបានល្អប្រសើរឡើងវិញបន្តិចមែន ដ្បិតថាប្រទេសនីមួយៗបានចាត់វិធានការ រឹតត្បិតនានា ដែលមិនធ្លាប់មានពីមុនមកឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត។ ប៉ុន្តែ លោកថា ភាពចាំបាច់សម្រាប់សកម្មភាពការពារអាកាសធាតុនៅពេលនេះ គឺសំខាន់ ជាងពេលណាៗទាំងអស់។ ក្នុងន័យនេះ លោក Antonio Guterres យល់ឃើញថា ក្នុងកំឡុងពេលវិបត្តិសកលនេះ គឺជាឱកាសល្អបំផុត ស្រាប់រដ្ឋាភិបាលនានា ងាកមក កាត់បន្ថយការបំភាយឧស្ម័នពុល និងបង្កើតគោលនយោបាយផ្តាច់សង្គមចេញពីឥន្ធនៈហ្វូស៊ីល។

ទន្ទឹមគ្នានោះ លោក Guterres បានសង្កត់ធ្ងន់ថា ការបរាជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកលនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ពីភាពគ្រោះថ្នាក់ នៃការបែកបាក់គ្នា។ ដូច្នេះ ដើម្បីយកឈ្នះនឹងការបម្រែបម្រួលអាកាសធាតុ ដែលជាការគំរាមកំហែងធំជាងការគំរាមកំហែងនៃវិបត្តិជំងឺរាតត្បាតនៅពេលបច្ចុប្បន្ន ទៅទៀតនោះ រដ្ឋនីមួយៗត្រូវធ្វើសកម្មភាពរួមគ្នា និងជាបន្ទាន់៕