(បារីស)៖ ការិយាល័យនាយករដ្ឋមន្ត្រីបារាំង នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក ហ្សង់ កាស្ទិច (Jean Castex) នឹងត្រូវតេស្តរក COVID-19 បន្ទាប់ពី លោកបានអង្គុយក្នុងឡានតែមួយ ជាមួយនាយកកម្មវិធីប្រណាំងកង់ «Tour de France» ដែលត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺដ៏កាចសាហាវនេះ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

លោក កាស្ទិច កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បានទៅចូលរួមទស្សនាកម្មវិធីប្រណាំងកង់ «Tour de France» ហើយក្រោយចប់កម្មវិធី លោកក៏បានចំណាយ ពេលខ្លះ ជជែកនៅក្នុងឡានជាមួយ នាយកកម្មប្រណាំងកង់ លោក គ្រីស្ទៀន ប្រ៊ុយដូម (Christian Prudhomme)។ អ្នករៀបចំកម្មវិធី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក ប្រ៊ុយដូម បានតេស្តវិជ្ជមានចំពោះជំងឺ COVID-19។

ពេលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters សួរអំពីការប៉ះពាល់គ្នា អ្នកតំណាងការិយាល័យនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេទាំងពីរ គឺសុទ្ធតែបាន ពាក់ម៉ាសមុខ និងរក្សាគម្លាតសុវត្ថិភាពបានល្អណាស់។ តែទោះជាយ៉ាងណា ដើម្បីជាការប្រុងយ័ត្នទុកមុន នាយករដ្ឋមន្ត្រីនឹងត្រូវធ្វើតេស្ត»

អ្នកថតរូបឲ្យ Reuters ម្នាក់ ដែលតាមដានដំណើរកម្សាន្តនៅ Tour de France ក៏បានអះអាងដែរថា លោក កាស្ទិច និងលោក ប្រ៊ុយដូម បានចំណាយពេលជាច្រើន ម៉ោងនៅជាមួយគ្នា ក្នុងកំឡុងពេលនៃកម្មវិធីប្រណាំងកង់ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕