(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅឆ្នាំ២០២១ខាងមុខនេះ ចិនមានគម្រោងបាញ់បង្ហោះផ្កាយរណបសម្រាប់បម្រើបណ្តាញបច្ចេកវិទ្យា Internet of Things ចំនួន ១២គ្រឿងឡើងទៅកាន់ទីអវកាស។

២៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមានសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យរួមគ្នាទប់ទល់ប្រឆាំងនឹង «សកម្មភាពបង្កហេតុ» ហើយការពារសេរីភាព ដោយលោកស្រីទំនងចង់សំដៅទៅលើចិន។

៣៖ ក្នុងពិធីប្រគល់រង្វាន់ជូនដល់ក្រុមជំនាញវេជ្ជសាស្រ្ត នៅឯមហាវិមានប្រជាជនចិននៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានប្រកាសថា ប្រទេសចិនបានឆ្លងផុតការសាកល្បងដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រចំពោះការដោះស្រាយវិបត្តិ COVID-19។

៤៖ ឥទ្ធិពលខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើកោះគ្យូស៊ូ (Kyushu) ភាគនិរតីនៃប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្ស ០២នាក់ស្លាប់ ០៤នាក់បាត់ខ្លួន និងជាង ១០០នាក់ទៀតរងរបួស។

៥៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) បានចាប់ផ្តើមបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្រាប់ការបោះឆ្នោតសកលអាណត្តិថ្មី ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ដោយលោកស្រីបានបង្ហាញ ក្តីរំពឹងថានឹងបន្តទទួលជ័យជម្នះ។

៦៖ ប្រទេសរុស្ស៊ីកំពុងតែត្រៀមអភិវឌ្ឍ ម៉ាស៊ីនយន្តហោះជំនាន់ថ្មី ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២១ ដោយវាគឺជាម៉ាស៊ីនយន្តហោះល្បឿនលឿន ដែលអាចយកទៅបំពាក់ឲ្យឧទ្ធម្ភាគចក្រក៏បាន៕