(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមានសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យរួមគ្នាទប់ទល់ប្រឆាំងនឹង «សកម្មភាពបង្កហេតុ» ហើយការពារសេរីភាព ដោយលោកស្រីទំនងចង់សំដៅទៅលើចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី Tsai បានអំពាវនាវដូចខាងលើក្នុងវេទិកាមួយនៅឯទីក្រុងតៃប៉ិ ដែលមានការចូលរួមពីមន្ត្រីការពារជាតិតៃវ៉ាន់ និងមន្រ្តីការទូតជាន់ខ្ពស់មកពីបណ្តាប្រទេសលោកខាងលិច។ ការលើកឡើងរបស់ប្រធានាធិបតីតៃវ៉ាន់ បានកើតមានឡើង បន្ទាប់ពីចិនហាក់បានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរៗដែនដីកោះនេះ ព្រមទាំងនៅតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

គួរជម្រាបថា បើតាមលោកស្រី Tsai ខណៈតៃវ៉ាន់ប្តេជ្ញាខំប្រឹងប្រែងបង្កើនសមត្ថភាពការពារជាតិដោយខ្លួនឯងផ្ទាល់ក៏ដោយ ការរក្សាសន្តិសុខ សន្តិភាព ក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ គឺចាំបាច់ត្រូវការកិច្ចប្រឹងប្រែងរួម។ ចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយប៉ុណ្ណោះ របស់ប្រទេសចិន ហើយតែមានប្រទេសតូចៗមួយចំនួនប៉ុណ្ណោះ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់៕