(រ៉ង់ហ្គូន)៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) បានចាប់ផ្តើមបើកយុទ្ធនាការបោះឆ្នោតនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្រាប់ការបោះឆ្នោតសកលអាណត្តិថ្មី ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ដោយលោកស្រីបានបង្ហាញ ក្តីរំពឹងថានឹងបន្តទទួលជ័យជម្នះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA។

ថ្លែងចេញទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាច សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅរដ្ឋធានីណៃពិដោ (Naypyidaw) លោកស្រី ស៊ូជី បាននិយាយដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមយុទ្ធនាការឆ្ពោះទៅរកជ័យជម្នះរបស់យើង»។ ដោយការពាក់ម៉ាសពណ៌ក្រហមរំលេចដោយរូបក្ងោក ដែលជានិមិត្តសញ្ញារបស់គណបក្ស NLD ជាមួយនឹងរបាំងមុខប្លាស្ទិច លោកស្រី អោងសាន ស៊ូជី បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ចំពោះការលើកទង់ក្រហមរបស់គណបក្ស នៅតាមគេហដ្ឋានរបស់ពួកគេនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ លោកស្រី ក៏បានបន្តទៀតថា «ជ័យជម្នះរបស់យើង នឹងនាំមកនូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍន៍ និងវិបុលភាពដល់ប្រទេសជាតិយើង»

គួរបញ្ជាក់ថា គណបក្ស NLD ដែលបានឈ្នះឆ្នោតកាលពីឆ្នាំ២០១៥ ហើយបញ្ចប់ការគ្រប់គ្រងរបស់យោធាជាងពាក់កណ្ដាលសតវត្សរ៍ ត្រូវបានគេរំពឹងថានឹងឈ្នះម្តងទៀត ទោះបីជាជាមួយសំឡេងគាំទ្រអាចថយចុះជាងមុនក៏ដោយ។ គណបក្សនេះ នៅតែមានប្រជាប្រិយភាពលើសលុប ទោះបីជាមានការរិះគន់ជុំវិញភាពបរាជ័យក្នុងការគ្រប់គ្រងអំណាចរបស់យោធា ឬក៏បញ្ចប់ជម្លោះជនជាតិភាគតិចក៏ដោយ។ NLD ក៏បានប្រឈមការថ្កោលទោសពីអន្តរជាតិជុំវិញការបង្ក្រាបរបស់យោធាកាលពីឆ្នាំ២០១៧ ទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាផងដែរ៕