(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសចិនមិនបានស្នើសុំ ហើយនឹងមិនស្នើសុំក្រុមហ៊ុនចិន ឲ្យផ្ទេរទិន្នន័យនៅក្រៅប្រទេស ទៅឲ្យរដ្ឋាភិបាលចិន ដោយរំលោភច្បាប់ប្រទេសផ្សេងៗទៀតជាដាច់ខាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសិក្ខាសាលាអន្តរជាតិមួយ ស្តីពីអភិបាលកិច្ចឌីជីថលសកល នៅក្នុងទីក្រុងប៉េកាំងលោក វ៉ាង យី បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលចិននឹងគោរពតាម គោលការណ៍សន្តិសុខទិន្នន័យ យ៉ាងតឹងរឹងបំផុត។ លើសពីនេះលោក វ៉ាង ក៏បានគូសបញ្ជាក់ផងដែរថា ចំនួនអ្នកប្រើប្រាស់អ៉ីនធើណិតនៅក្នុងប្រទេសចិន មានច្រើនជាង ៩០០លាននាក់ ក្នុងនោះរួមមានប្រជាជនយ៉ាងហោចណាស់ ៨៨លាននាក់បានភ្ជាប់សេវា 5G ដែលជាបណ្តាញអ៉ីនធើណិត ទំនើបចុងក្រោយគេបង្អស់។

គួរបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសចិន កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលស្មើរនឹង ១/៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។ ប្រទេសចិន មានបទប្បញ្ញត្តិច្បាស់លាស់ ចំពោះការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋ និងក្រុមហ៊ុននានា រួមទាំងសន្តិសុខទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនផងដែរ។ នេះបើតាមការលើកឡើងរបសលោក វ៉ាង យី៕