(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីកំពុងតែត្រៀមអភិវឌ្ឍ ម៉ាស៊ីនយន្តហោះជំនាន់ថ្មី ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២១ ដោយវាគឺជាម៉ាស៊ីនយន្តហោះល្បឿនលឿន ដែលអាចយកទៅបំពាក់ឲ្យឧទ្ធម្ភាគចក្រក៏បាន។ នេះបើតាមការបញ្ជាក់ពីលោក អាឡេកសានដឺ វ៉ាតាហ្គីន (Aleksandr Vatagin) នាយកប្រតិបត្តិនៃក្រុមហ៊ុន JSC UEC-Klimov (គ្លីម៉ូវ) ដែលជាសាខាមួយនៃក្រុមផលិតម៉ាស៊ីនរដ្ឋរុស្ស៊ី UEC (United Engine Corporation) ដកស្រង់ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

លោក Aleksandr Vatagin បានប្រាប់អ្នកសារព័ត៌មាននានា ពីទីក្រុង សេនភីធើស្បឺក (St. Petersburg) ដែលជាមូលដ្ឋានតាំងនៅ របស់ក្រុមហ៊ុន JSC UEC-Klimov យ៉ាងដូច្នេះថា «ជាការពិតណាស់ យើងបានចូលរួមសហការនៅក្នុងគម្រោងនេះ ហើយក៏មានសិទ្ធិក្នុងការទទួលបាន ថវិកាអភិវឌ្ឍពីសហព័ន្ធ (រុស្ស៊ី) តាមរយៈក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ។ ថវិកាទាំងនេះ គឺស្ថិតនៅក្នុងគម្រោងថវិកាជាតិឆ្នាំ២០២១-២០២២ ហើយយើងរំពឹងថា នឹងទទួលបានវាដើម្បីយកទៅអភិវឌ្ឍ ម៉ាស៊ីនឧទ្ធម្ភាគចក្រជំនាន់ថ្មី»

គួរបញ្ជាក់ថា ឧទ្ធម្គាគចក្រយោធា និងស៊ីវិលគឺជាផលិតដ៏ពេញនិយមមួយ ដែលរុស្ស៊ីលក់ដាច់មិនថាតែនៅក្នុងស្រុកនោះឡើយ ប៉ុន្តែប្រទេសជាច្រើន នៅទូទាំងពិភពលោក គឺសុទ្ធតែកំពុងប្រើប្រាស់។ ជាក់ស្តែងការអភិវឌ្ឍ ម៉ាស៊ីនយន្តហោះជំនាន់ថ្មីនេះ គឺជាការបោះជំហានដ៏ជឿនលឿនមួយ ព្រោះវានឹងអាចយកទៅប្រើលើយន្តហោះផង និងឧទ្ធម្ភាគចក្រផង។

សម្រាប់ម៉ាស៊ីនប្រភេទថ្មីខាងលើនេះមានឈ្មោះថា PDV-4000 ដែលនឹងក្លាយជាម៉ាស៊ីនដ៏ខ្លាំងក្លាមួយ ដែលអាចជួយជម្រុញល្បឿននៃ ឧទ្ធម្ភាគចក្រជាចម្បង។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្ររុស្ស៊ី បានផលិតម៉ាស៊ីនល្បឿនលឿនមួយប្រភេទ (PSV) ដើម្បីបំពាក់លើឧទ្ធម្ភាគចក្រម៉ូដែល Mi-24 ដោយកាលណោះវាអាចហោះ ក្នុងល្បឿនរហូតដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕